អត្ថរបស់ព្រហ្មចរិយសព្ទ
នោះឯង ឥឡូវនេះ គាត់ធ្វើការប្រគល់កាយ ថ្វាយខ្លួនដោយវាចា ម្យ៉ាងទៀត ធនិយៈ កាលធ្វើទីពឹង ដោយការប្រគល់ខ្លួនឲ្យប្រាកដដោយអំណាចនៃមគ្គ និង ធ្វើសរណៈ ដែលមិនញាប់ញ័រនោះ ឲ្យប្រាកដដោយវាចាដល់មនុស្សដទៃ ទើបដល់នូវសរណគមន៍ ដោយការបង្អោនដោយដៃទៀត ។ បទថា ចក្ខុមា សេចក្តីថា ព្រះដ៏មានព្រះភាគទ្រង់ព្រះនាមថា ចក្ខុមា ព្រោះប្រកបដោយចក្ខុ ៥ គឺមំសចក្ខុ ១ ទិព្វចក្ខុ ១ បញ្ញាចក្ខុ ១ សមន្តចក្ខុ ១ ពុទ្ធចក្ខុ ១ ។ នាយធនិយៈ កាលក្រាបទូលព្រះដ៏មានព្រះភាគ ទើបក្រាបទូលថា បពិត្រព្រះអង្គមានចក្ខុ ខ្ញុំព្រះអង្គសូមដល់ព្រះអង្គជាទីពឹង ។ ចំណែកបទថា សត្ថា នោ ហោហិ មហាមុនិ ធនិយៈទូល ដើម្បីធ្វើ សរណគមន៍ឲ្យបរិបូណ៌ ដោយការចូលដល់ភាពជាសិស្ស ។ បទថា គោបី ច អហញ្ច អស្សវា ព្រហ្មចរិយំ សុគតេ ចរាមសេ នេះ នាយធនិយៈធ្វើសរណគមន៍ឲ្យបរិបូណ៌ដោយអំណាចនៃការសមាទាន ។ បណ្តាបទទាំងនោះ បទថា ព្រហ្មចរិយំ ជាឈ្មោះនៃមេថុនវិរតិ មគ្គស មណធម៌ សាសនា និងសទារសន្តោសៈ ។ មេថុនវិរតិ ឈ្មោះថា ព្រហ្មចរិយ ដូចក្នុងប្រយោគជាដើមថា ព្រហ្មចារឹ ប្រព្រឹត្តនូវធម៌ដ៏ប្រសើរ ដូច្នេះ ។ ព្រហ្មចរិយៈ មកក្នុងអត្ថថា មគ្គ ដូចក្នុងប្រយោគជាដើមថា ម្នាល បញ្ចសិខៈ ព្រហ្មចរិយធម៌របស់តថាគតនេះឯង ទើបប្រព្រឹត្តទៅ ដើម្បី នឿយណាយ ដើម្បីប្រាសចាករាគៈ ដើម្បីរម្លត់ ( កិលេស ) ដើម្បីស្ងប់ រម្ងាប់ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វានតែមួយយ៉ាង ។ បេ ។ គឺអរិយមគ្គប្រកបដោយអង្គ ៨ នេះឯង ។ ព្រហ្មចរិយៈមកក្នុងអត្ថថា សមណធម៌ ដូចក្នុងប្រយោគជាដើមថា ម្នាលសារីបុត្ត មួយទៀត តថាគតធ្លាប់ប្រព្រឹត្តព្រហ្មចរិយៈ ដែលប្រកបដោយ អង្គ ៤ ។