គាថាទី ៨

ក្បាលទី 37 · ទំព័រ 191

គាថាថា ចាតុទ្ទិសោ ដូច្នេះ មានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា ក្នុងអតីតកាល ព្រះបច្ចេកពោធិសត្វ ៥ អង្គ បួសហើយក្នុង សាសនារបស់ព្រះកស្សបទសពល បំពេញគតបច្ចាគតវត្តអស់ ២ ម៉ឺនឆ្នាំ កើតក្នុងទេវលោក ច្យុតចាកទេវលោកនោះហើយ បណ្តាព្រះថេរៈទាំង ៥ នោះ ព្រះថេរៈជាប្រធាន កើតជាព្រះរាជាក្នុងនគរពារាណសី ព្រះថេរៈ ដ៏សេស ៤ អង្គទៀត កើតជាព្រះរាជាធម្មតា ។ ព្រះរាជាទាំង ៤ អង្គនោះ រៀនកម្មដ្ឋាន លះរាជសម្បត្តិហើយបួស បានជាព្រះបច្ចេកពុទ្ធតាមលំដាប់ នៅក្នុងញកភ្នំនន្ទមូលកៈ ក្នុងថ្ងៃមួយ ចេញអំពីសមាបត្តិហើយ នឹកដល់កម្ម របស់ខ្លួន និងសម្លាញ់ ដោយន័យដែលពោលហើយ ក្នុងវំសកឡីរគាថា នោះឯង កាលដឹងហើយ ក៏ស្វែងរកឱកាស ដើម្បីសម្តែងអារម្មណ៍ដោយ ឧបាយ ដល់ព្រះបាទក្រុងពារាណសី ។ ព្រះរាជាអង្គនោះ ទ្រង់ភ្ញាក់មួយរាត្រី ៣ ដង ទ្រង់ខ្លាច ស្រែកដោយ សំឡេងខុសប្រក្រតី រត់ចូលកាន់រោងធំ ត្រូវបុរោហិតក្រោកឡើងតាមកាល ទូលសួរដល់ការផ្ទំជាសុខ ក៏ត្រាស់ប្រាប់រឿងនោះថា នែអាចារ្យ យើងមាន សេចក្តីសុខអំពីណា ។ ចំណែកបុរោហិតគិតថា រោគនេះ មិនអាចកម្ចាត់ឲ្យ ដាច់ទៅបានដោយការដាក់ថ្នាំ មានថ្នាំបញ្ចុះជាដើមណាមួយឡើយ តែអញមាន ឧបាយ ដែលនឹងបានស៊ី ទើបទូលឲ្យព្រះរាជាខ្លាចក្រៃលែងឡើងថា បពិត្រ មហារាជ នុ៎ះជាបុព្វនិមិត្តនៃការវិនាសរាជសម្បត្តិ និងអន្តរាយដល់ព្រះជន្ម ជាដើម ទើបដឹកនាំព្រះរាជាឲ្យធ្វើការបូជាយញ្ញថា សូមទ្រង់រៀបចំដំរី សេះ រថជាដើម មួយអន្លើដោយប្រាក់ និងមាស មានប្រមាណបុណ្ណេះៗ ជាទក្ខិណា បូជាយញ្ញ ដើម្បីឲ្យអន្តរាយនោះស្ងប់ ដូច្នេះ ។ បន្ទាប់អំពីនោះ ព្រះបច្ចេកពុទ្ធទាំងឡាយ ឃើញសត្វទាំងឡាយចងនាំទៅ មួយកន្លែង ដើម្បីប្រយ