គាថាទី ១៧

ក្បាលទី 37 · ទំព័រ 220

ពណ៌ខៀវជាដើម សូម្បីក្នុងរូបជាដើម សម្តែងការពេញចិត្តដោយរូបប្លែកៗ នោះ ឬដោយប្រការទាំងនោះ រមែងញាំញីចិត្ត គឺមិនឲ្យត្រេកអរក្នុងបព្វជ្ជា ដោយប្រការយ៉ាងនោះ ។ បទដ៏សេស ក្នុងគាថានោះ ប្រាកដច្បាស់ហើយ ។ ពាក្យនិគម ដែល បណ្ឌិតប្រកបដោយបទ ២ បទ ឬ ៣ បទ គប្បីជ្រាបដោយន័យដែល ពោលហើយ ក្នុងគាថាខាងដើមនោះឯង ។ គាថាថា តី ច ដូច្នេះ មានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា បូសបានកើតឡើងដល់ព្រះរាជាក្រុងពារាណសី វេទនាដ៏ខ្លាំងក្លា ប្រព្រឹត្តទៅហើយ ពេទ្យទាំងឡាយក្រាបទូលថា វៀរចាកការវះហើយ នឹង មិនមានផាសុក ព្រះរាជាទ្រង់ឲ្យអភ័យដល់ពេទ្យទាំងនោះហើយ ត្រាស់ឲ្យធ្វើ ការវះកាត់ ពេទ្យទាំងនោះវះកាត់ហើយ នាំយកខ្ទុះ និងឈាមចេញ ធ្វើឲ្យអស់ ទុក្ខវេទនា ហើយរុំរបួស ទូលដាស់តឿនដោយប្រពៃ ឲ្យសោយសាច់ និង អាហារដែលសៅហ្មង ។ ព្រះរាជាទ្រង់មានសរីរៈស្គម ព្រោះភោជនសៅហ្មង បូសរបស់ព្រះរាជាក៏ក្រៀម ទ្រង់សម្គាល់ថាជាហើយ ទើបសោយព្រះក្រយាហារ ដែលមានរសដ៏ប្រសើរ របួសដែលកើតអំពីព្រះក្រយាហារនោះ កម្រើកឡើង ម្តងទៀត បូសរបស់ព្រះរាជាក៏ដល់សភាពដូចដើម ទ្រង់ឲ្យធ្វើការវះកាត់យ៉ាង នេះ រហូតអស់វារៈ ៣ ដង ត្រូវពេទ្យទាំងឡាយទូលប្រាប់ត្រណមហើយ ទ្រង់ នឿយណាយ លះរាជសម្បត្តិធំ ទ្រង់បួសចូលព្រៃ ទ្រង់ធ្វើឲ្យជាក់ច្បាស់នូវ បច្ចេកពោធិញ្ញាណ អស់ឆ្នាំទាំងឡាយ ៧ បានត្រាស់ឧទានគាថានេះថា ចង្រៃ បូស ឧបទ្រព រោគ កិលេស ដូចសរ និងភ័យទាំងនុ៎ះ រមែងមានដល់យើង ព្រោះកាម បុគ្គលកាលបើឃើញភ័យនោះ ក្នុងកាមគុណទាំងឡាយហើយ គប្បីត្រាច់ទៅតែម្នាក់ឯង ដូច កុយរមាស ។