គាថាទី ១៩
ទៅតែម្នាក់ឯង ដូចកុយរមាស ។ ដូច្នេះហើយ ក៏យាងទៅកាន់ញកភ្នំនន្ទមូលកៈ ដូច្នេះ ។ ក្នុងគាថានោះ បទថា សីតញ្ច បានដល់ រងាពីរប្រភេទ គឺធាតុខាងក្នុង កម្រើកជាបច្ច័យ ១ ធាតុខាងក្រៅកម្រើកជាបច្ច័យ ១ កម្តៅក៏ដូចគ្នា ។ បទថា ឌំសា បានដល់ សត្វល្អិតពណ៌លឿង ។ បទថា សិរឹសប សេចក្តី ថា ទីឃជាតិពួកណាមួយ ដែលលូនវារទៅ ។ បទដ៏សេស ប្រាកដច្បាស់ ហើយ ។ ពាក្យនិគម ក៏គប្បីជ្រាបដោយន័យដែលពោលហើយនោះឯង ។ គាថាថា នាគោវ ដូច្នេះ មានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា ក្នុងនគរពារាណសី ព្រះរាជាមួយព្រះអង្គសោយរាជសម្បត្តិ អស់កាល ២០ ឆ្នាំ សោយទិវង្គតហើយ ឆេះក្នុងនរកអស់កាល ២០ ឆ្នាំដូចគ្នា កើតក្នុងកំណើតដំរីក្នុងហិមវន្តប្បទេស មានដងខ្លួនកើតល្អហើយ មាន រាងកាយទាំងមូល ពណ៌ដូចផ្កាបទុម បានជាមេហ្វូង ជាដំរីធំ ។ កូនដំរីទាំងឡាយ រមែងទំពានូវមែកឈើដែលស្តេចដំរីនោះកាច់ហើយ ក្នុងពេលចុះកាន់ ទឹក ដំរីញីទាំងឡាយ ក៏លាបស្តេចដំរីដោយភក់ ។ រឿងទាំងអស់ ដូចគ្នា នឹងរឿងរបស់ស្តេចដំរីបាលិលេយ្យកៈ ។ ស្តេចដំរីនោះ កាលនឿយណាយ ចេញចាកអំពីហ្វូង បន្ទាប់អំពីនោះ ហ្វូងដំរីក៏ជាប់តាមស្តេចដំរីនោះទៀត តាម ស្នាមជើង ស្តេចដំរីចៀសចេញទៅអស់វារៈ ៣ ដង ក៏ត្រូវដំរីជាប់តាមទៀត ទើបគិតថា ឥឡូវនេះ ចៅរបស់អញសោយរាជសម្បត្តិក្នុងនគរពារាណសី ណ្ហើយចុះ អញគប្បីទៅកាន់ឧទ្យានក្នុងជាតិមុនរបស់អញ ចៅរបស់អញ នឹង រក្សាអញក្នុងឧទ្យាននោះ កាលហ្វូងដំរីដេកលក់ក្នុងរាត្រីហើយ ក៏លះបង់ហ្វូង ទៅកាន់ឧទ្យាននោះឯង ។