គាថាទី ២៦

ក្បាលទី 37 · ទំព័រ 248

គាថាថា បុត្តញ្ច ទារំ ដូច្នេះ មានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា ព្រះរាជឱរសរបស់ព្រះបាទពារាណសី ទ្រង់អភិសេកហើយ ក្នុងកាលទ្រង់នៅក្មេងនោះឯង ហើយសោយរាជសម្បត្តិ ។ ទ្រង់សោយសិរីរាជសម្បត្តិ ដូចព្រះបច្ចេកពោធិសត្វដែលពោលហើយ ក្នុងបឋមគាថា ។ ក្នុង ថ្ងៃមួយ ទ្រង់ព្រះរាជតម្រិះថា អញសោយរាជសម្បត្តិ រមែងធ្វើទុក្ខដល់ជន ច្រើន ប្រយោជន៍អ្វីរបស់អញដោយបាបនេះ ដើម្បីប្រយោជន៍ដល់ការបរិភោគ ម្នាក់ឯង អញនឹងញ៉ាំងសុខធំឲ្យកើតឡើង ដូច្នេះហើយ ទ្រង់លះរាជសម្បត្តិ ទ្រង់ចេញបួស ចម្រើនវិបស្សនា ទ្រង់ធ្វើឲ្យជាក់ច្បាស់នូវបច្ចេកពោធិញ្ញាណ ហើយ បានត្រាស់ឧទានគាថានេះថា បុគ្គលលះបង់កូនផង ប្រពន្ធផង បិតាផង មាតាផង ទ្រព្យ ទាំងឡាយផង ស្រូវទាំងឡាយផង ផៅពង្សទាំងឡាយផង កាម ទាំងឡាយតាមចំណែករៀងខ្លួនផង គប្បីត្រាច់ទៅតែម្នាក់ឯង ដូចកុយរមាស ដូច្នេះ ។ បណ្តាបទទាំងនោះ បទថា ធនានិ បានដល់ រតនៈទាំងឡាយ មាន កែវមុក្តា កែវមណី កែវពិទូរ្យ ស័ង្ខ សិលា កែវប្រពាល ប្រាក់ មាស ជាដើម ។ បទថា ធញ្ញានិ បានដល់ ពូជ ៧ យ៉ាង មានស្រូវសាលី ស្រូវ ខ្សាយ ស្រូវដំណើប ស្រងែ ថ្ពៅ ស្កួយ និងស្មៅគែលលក និងអបរណ្ណជាតិដ៏សេស ។