គាថាទី ៣០
គាថាថា ឱហារយិត្វា ដូច្នេះ មានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា ក្នុងនគរពារាណសី ព្រះរាជាព្រះនាមចាតុមាសិកព្រហ្មទត្ត មួយអង្គទៀត ទ្រង់យាងទៅក្រសាលកីឡា ក្នុងព្រះរាជឧទ្យានរៀងរាល់ ៤ ខែម្តង ។ ថ្ងៃមួយ ព្រះរាជា កាលយាងចូលព្រះរាជឧទ្យាន ក្នុងកណ្តាលខែ នៃរដូវក្តៅ ទ្រង់ឃើញរលួសផ្អុង ដូចដើមបារិច្ឆត្តកៈក្នុងស្ថានសួគ៌ ដែលមាន ប្រគាបចេញផ្ការីកស្គុសស្គាយ លម្អដោយស្លឹក ក្បែរទ្វារនៃព្រះរាជឧទ្យាន ទើបទ្រង់កាច់យកផ្កាមួយហើយ យាងចូលកាន់ព្រះរាជឧទ្យាន ។ បន្ទាប់អំពី នោះ អមាត្យម្នាក់គិតថា ព្រះរាជាទ្រង់ក្តិចយកផ្កា ទើបឈរលើកដំរីនោះ បេះ ផ្កាមួយ ដោយឧបាយនោះឯង ពលនិកាយទាំងអស់ ក៏បេះយកដែរ បុគ្គល ដែលមិនបានផ្កា បេះយកស្លឹក ដើមនោះ ប្រាសចាកស្លឹក និងផ្កា សល់តែ ដើមបុណ្ណោះ ។ ក្នុងពេលល្ងាច ព្រះរាជាយាងចេញអំពីព្រះរាជឧទ្យាន ទ្រង់ឃើញដើមឈើ នោះ ទ្រង់ព្រះរាជតម្រិះថា ដើមឈើនេះអ្នកណាធ្វើ ក្នុងកាលអញមក រីកស្គុសស្គាយដោយផ្កាដ៏ស្អាត ដូចកែវប្រពាល ក្នុងរវាងមែកដែលមានពណ៌ ដូចកែវមណី ឥឡូវនេះ ក្លាយជាដើមឈើប្រាសចាកស្លឹក និងផ្កាហើយ ទ្រង់ ឃើញដើមឈើមិនចេញផ្កា មានស្លឹកលឿង ជ្រុះដេរដាសក្នុងទីមិនឆ្ងាយអំពី ដើមឈើនោះឯង កាលទ្រង់ឃើញហើយ ទ្រង់ព្រះតម្រិះដូច្នេះថា ដើមឈើ នេះ ជាទីតាំងនៃលោភៈរបស់មហាជន ព្រោះមានមែករីកស្គុសស្គាយដោយ ផ្កា ព្រោះហេតុនោះ ទើបដល់នូវអន្តរាយត្រឹមមួយជួរខណៈបុណ្ណោះ ចំណែក ដើមឈើដទៃ គង់តាំងនៅដដែល ព្រោះមិនជាទីតាំងនៃសេចក្តីលោភ រាជសម្បត្តិនេះ គប្បីជាទីតាំងនៃសេចក្តីលោភ ដូចគ្នានឹងដើមឈើមានផ្កា ចំណែក ភាពជាភិក្ខុ មិនគប្បីជាទីតាំងនៃសេចក្តីលោភ ដូចដើមឈើមិនមានផ្កា ព្រោះ ហេតុន