គាថាទី ៣៣

ក្បាលទី 37 · ទំព័រ 263

អធិប្បាយថា កាត់នូវតណ្ហារាគៈបានហើយ ។ ឯការជាប់ជំពាក់នោះឯង ហៅ ថា ទោស គឺការជាប់ជំពាក់ ព្រោះជាបដិបក្ខចំពោះវត្ថុដែលជាគុណ ។ បទ ដ៏សេស ងាយយល់ទាំងអស់ហើយ ។ គាថាថា វិបិដ្ឋិកត្វាន ដូច្នេះ មានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា ព្រះរាជាមួយអង្គក្នុងនគរពារាណសី ទ្រង់បាននូវចតុត្ថជ្ឈាន ព្រះរាជាទ្រង់លះរាជសម្បត្តិដើម្បីតាមរក្សាឈាន ទ្រង់ព្រះផ្នួស ចម្រើននូវ វិបស្សនា ធ្វើឲ្យជាក់ច្បាស់នូវបច្ចេកពោធិញ្ញាណ កាលទ្រង់សម្តែងសម្បទា នៃបដិបត្តិរបស់ព្រះអង្គ ទើបត្រាស់ឧទានគាថានេះថា បុគ្គលបានធ្វើនូវសុខទុក្ខ និងសោមនស្សទោមនស្សក្នុងកាលមុន ឲ្យនៅពីក្រោយខ្នងហើយ បាននូវឧបេក្ខាសមថៈ ក្នុងចតុត្ថជ្ឈាន ដ៏បរិសុទ្ធហើយ គប្បីត្រាច់ទៅតែម្នាក់ឯង ដូចកុយរមាស ដូច្នេះ ។ ក្នុងបទទាំងនោះ បទថា វិបិដ្ឋិកត្វាន សេចក្តីថា ធ្វើទុកខាងក្រោយ គឺចោលហើយ លះបង់ហើយ ។ បទថា សុខំ ទុក្ខញ្ច បានដល់ សេចក្តី សុខតាមកាយ និងសេចក្តីមិនសុខផ្លូវកាយ ។ បទថា សោមនស្សទោមនស្សំ បានដល់ សេចក្តីសុខផ្លូវចិត្ត និងសេចក្តីមិនសុខផ្លូវចិត្ត ។ បទថា ឧបេក្ខំ បានដល់ ឧបេក្ខាក្នុងចតុត្ថជ្ឈាន ។ បទថា សមថំ បានដល់ សមថៈក្នុង ចតុត្ថជ្ឈាននោះឯង ។ បទថា វិសុទ្ធំ សេចក្តីថា ឈ្មោះថា បរិសុទ្ធហើយ ព្រោះផុតចាកធម៌ដែលជាសត្រូវទាំងឡាយ ៩ យ៉ាង ពោល គឺនីវរណៈ ៥ វិតក្កៈ វិចារៈ បីតិ និងសុខ អធិប្បាយថា ប្រាសចាកឧបក្កិលេសហើយ ដូច មាសដែលដេញល្អហើយ ។