គាថាទី ៣៧
ជាអ្នកមានធម៌ដែលកំណត់ដឹងហើយ ព្រោះមិនមានធម៌ដែលគប្បីកំណត់ដឹង ទៀត ដូចលោកពោលថា ពួកអសេក្ខបុគ្គល អ្នកមានធម៌ពិចារណាហើយ និងពួកសេក្ខបុគ្គលជាច្រើនណាក្នុងសាសនានេះ ដូច្នេះ ។ បទដ៏សេសមាន ន័យដូចពោលហើយនោះឯង ។ គាថាថា សីហោវ ដូច្នេះ មានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា ព្រះបាទក្រុងពារាណសីមានព្រះរាជឧទ្យាននៅមិនឆ្ងាយ ទ្រង់ តើនឡើងអំពីព្រលឹម យាងទៅកាន់ព្រះរាជឧទ្យាន យាងចុះអំពីយានក្នុងរវាង ផ្លូវដោយព្រះរាជតម្រិះថា អញទៅកាន់កំពង់ទឹកហើយនឹងលុបមុខ ។ ក្នុង បទេសនោះ រាជសីហ៍ញីកើតកូនហើយទៅរកស៊ី រាជបុរសឃើញកូនរាជសីហ៍ នោះហើយទូលថា បពិត្រព្រះអង្គ នេះកូនរាជសីហ៍ ព្រះរាជាទ្រង់ព្រះតម្រិះ ថា បានឮថា រាជសីហ៍មិនចេះខ្លាចអ្នកណា ទើបឲ្យវាយវត្ថុ មានស្គរជាដើម ដើម្បីសាកល្បងមើលកូនរាជសីហ៍នោះ។ កូនរាជសីហ៍ស្តាប់សំឡេងនោះ ក៏ ដេកធ្វើព្រងើយ ព្រះរាជាត្រាស់ឲ្យវាយអស់វារៈ ៣ ដង ក្នុងលើកទី ៣ កូន រាជសីហ៍ក៏អើតក្បាលឡើងសម្លឹងមើលបរិស័ទទាំងអស់ ហើយក៏ដេកវិញ ។ ខណៈនោះ ព្រះរាជាត្រាស់ថា មេរបស់រាជសីហ៍នោះ មិនទាន់ត្រឡប់មក ដរាបណា ពួកយើងនឹងទៅដរាបនោះ ។ កាលទ្រង់យាងទៅ ទ្រង់ព្រះរាជ តម្រិះថា កូនរាជសីហ៍ សូម្បីកើតក្នុងថ្ងៃនោះ ក៏មិនតក់ស្លុត មិនខ្លាច កាលណាហ្ន៎ អញគប្បីកាត់នូវការខ្លាច ព្រោះតណ្ហា និងទិដ្ឋិ មិនគប្បី តក់ស្លុត មិនគប្បីខ្លាច ទ្រង់តោងយកអារម្មណ៍នោះយាងទៅ ទ្រង់ឃើញខ្យល់ មិនជាប់ត្រង់សំណាញ់ទាំងឡាយ ដែលពួកអ្នកប្រមង់ចាប់ត្រីហើយ លាត ហាលត្រង់មែកឈើទាំងឡាយ ទ្រង់កាន់យកនិមិត្តនោះទៀតថា កាលណាហ្ន៎ អញគប្បីទម្លាយសំណាញ់ គឺតណ្ហា និងទិដ្ឋិ និងសំណាញ់ គឺមោហៈ ហើយទៅ មិនជាប់ជំពាក់ដូច្នោះ ។