គាថាទី ៤១
បរិនិព្វាន ដោយអនុបាទិសេសនិព្វានធាតុ ក្នុងកាលចប់គាថា ដោយប្រការ ដូច្នេះ ។ គាថាថា ភជន្តិ ដូច្នេះ មានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា ព្រះរាជាមួយអង្គក្នុងនគរពារាណសី ទ្រង់គ្រប់គ្រងរាជសម្បត្តិ ដ៏ទូលំទូលាយ មានប្រការដូចពោលហើយក្នុងគាថាដើមនោះឯង ។ ព្រះរាជា ទ្រង់ប្រឈួនធ្ងន់ ទុក្ខវេទនាប្រព្រឹត្តទៅ ស្រី ២ ម៉ឺននាក់ នាំគ្នាគក់ច្របាច់ព្រះហស្ត និងព្រះបាទជាដើម ។ អមាត្យទាំងឡាយគិតថា ឥឡូវនេះ ព្រះរាជា អង្គនេះ នឹងមិនរួចជីវិត ណ្ហើយចុះ យើងនឹងស្វែងរកទីពឹងរបស់ខ្លួន ដូច្នេះ ហើយ ទៅកាន់រាជសម្នាក់របស់ស្តេចដទៃៗ ទូលសូមបម្រើ ។ អមាត្យទាំងនោះ បម្រើក្នុងរាជសម្នាក់នោះៗ ឯង មិនបានអ្វីឡើយ ។ ចំណែកព្រះរាជា ទ្រង់សះស្បើយអំពីប្រឈួនហើយត្រ ាស់សួរថា អមាត្យឈ្មោះនេះ និងឈ្មោះនេះទៅណា បន្ទាប់អំពីនោះ ទ្រង់បានស្តាប់ ព្រឹត្តិការណ៍នោះហើយ ទ្រង់គ្រវីសីសៈហើយនៅស្ងៀម ។ អមាត្យទាំងនោះ បានឮថា ព្រះរាជាទ្រង់ជាសះស្បើយអំពីប្រឈួនហើយ មិនបានអ្វីឡើយ ក្នុងសម្នាក់ព្រះរាជាអង្គដទៃនោះ ជួបនូវការវិនាសយ៉ាងក្រៃលែង ទើប ត្រឡប់មកវិញ ថ្វាយបង្គំព្រះរាជាហើយ ឈរក្នុងទីបំផុតនាចំណែកម្ខាង ។ អមាត្យទាំងនោះ ត្រូវព្រះរាជាត្រាស់សួរថា នែបា ពួកបាទើបមកអំពីណា ក៏ក្រាបទូលថា បពិត្រព្រះសម្មតិទេពពួក ទូលបង្គំឃើញទ្រង់ទុព្វលភាព ហើយ ទើបទៅកាន់ជនបទឈ្មោះនោះ ព្រោះព្រួយបារម្ភក្នុងការចិញ្ចឹមជីវិត ព្រះរាជាទ្រង់ងក់ព្រះសីសៈហើយ ទ្រង់ព្រះរាជតម្រិះថា ណ្ហើយចុះ យើង គប្បីសាកល្បងអមាត្យទាំងនេះថា តើធ្វើយ៉ាងនេះទៀតដែរឬទេ ។