អដ្ឋកថាចុន្ទសូត្រ
ចុន្ទសូត្រមានពាក្យផ្តើមថា បុច្ឆាមិ មុនឹ បហុតបញ្ហំ ដូច្នេះ ។ សូត្រនេះ មានអត្ថុប្បត្តិហេតុដូចម្តេច ។ ដោយសង្ខេបក្នុងឧប្បត្តិ ៤ យ៉ាង គឺព្រោះអធ្យាស្រ័យរបស់ខ្លួន ១ ព្រោះអធ្យាស្រ័យរបស់អ្នកដទៃ ១ ព្រោះអត្ថុប្បត្តិហេតុ ១ ព្រោះការសាកសួរ ១ សូត្រនេះ កើតឡើងដោយអំណាចនៃការសាកសួរ ។ ចំណែកដោយពិស្តារ ក្នុងសម័យមួយ ព្រះដ៏មានព្រះភាគទ្រង់ចារិកទៅ កាន់ដែនមល្លៈ មួយអន្លើដោយភិក្ខុសង្ឃជាច្រើន យាងដល់នគរបាវា ។ បានឮថា ក្នុងកាលនោះ ព្រះដ៏មានព្រះភាគ គង់នៅក្នុងអម្ពវ័នរបស់នាយ ចុន្ទកម្មារបុត្ត ជិតនគរបាវា ។ ចាប់តាំងអំពីនេះទៅ គប្បីឲ្យពិស្តារដោយ ន័យដែលមកហើយក្នុងសូត្រថា គ្រានោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយស្តេចចូលទៅកាន់លំនៅរបស់នាយ ចុន្ទកម្មារបុត្ត ព្រមដោយភិក្ខុសង្ឃ លុះចូលទៅដល់ហើយ ក៏ គង់លើអាសនៈដែលគេក្រាលថ្វាយ ដូច្នេះ ។ កាលព្រះដ៏មានព្រះភាគប្រថាប់គង់ មួយអន្លើដោយភិក្ខុសង្ឃយ៉ាងនោះ ហើយ នាយចុន្ទកម្មារបុត្តកាលអង្គាសភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន បាន បង្អោនភាជនមាសទាំងឡាយ ដល់ភិក្ខុទាំងឡាយ ដើម្បីទទួលព្យញ្ជនៈ និង សូបៈជាដើម ។ កាលសិក្ខាបទទ្រង់មិនទាន់បញ្ញត្ត ភិក្ខុខ្លះទទួលដោយភាជនមាស ភិក្ខុ ខ្លះមិនទទួល ចំណែកព្រះដ៏មានព្រះភាគ ទ្រង់មានភាជនៈតែម្យ៉ាងបុណ្ណោះ គឺ បាត្រសេលមយៈរបស់ព្រះអង្គ ។ ព្រះពុទ្ធទាំងឡាយ ទ្រង់មិនទទួលភាជនៈ ទី ២ ។ ក្នុងភិក្ខុទាំងនោះ ភិក្ខុអាក្រក់មួយរូប ដាក់ភាជន៍មាសតម្លៃមួយពាន់ ដើម្បីប្រយោជន៍ដល់ភោជនរបស់ខ្លួនក្នុងថង់សោ ដោយថេយ្យចិត្ត ។ នាយ ចុន្ទអង្គាសហើយ លាងដៃ និងជើង នមស្ការព្រះដ៏មានព្រះភាគ សម្