បរាភវសូត្រទី ៦

ក្បាលទី 37 · ទំព័រ 369

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ គ្រា នោះឯង ទេវតា ១ អង្គ កាលដែលរាត្រីបឋមយាមកន្លងទៅហើយ មានរស្មី ដ៏រុងរឿង ញ៉ាំងវត្តជេតពនជុំវិញទាំងអស់ ឲ្យភ្លឺស្វាងហើយ ចូលទៅគាល់ ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយ ស្ថិតនៅក្នុងទីសមគួរ ។ លុះទេវតានោះ ស្ថិតនៅក្នុងទីសមគួរហើយ ទើប ក្រាបបង្គំទូលព្រះមានព្រះភាគដោយគាថា ដូច្នេះថា យើងទាំងឡាយ មកដើម្បីសួរព្រះគោតមដ៏ចម្រើន ( ដោយគិតថា ) យើងទាំងឡាយ សូមសួរអំពីបុរសបុគ្គល ដែលមានសេចក្តីវិនាស ចុះអ្វីជាប្រធាននៃសេចក្តីវិនាស ។ ( ព្រះមានព្រះភាគត្រាស់ថា ) បុរសដែលចម្រើន ជា បុគ្គល គឺបណ្ឌិតដឹងបានដោយងាយ បុរសដែលវិនាស ជា បុគ្គល គឺបណ្ឌិតដឹងបានដោយងាយដែរ បុគ្គលអ្នកប្រាថ្នាធម៌ រមែងចម្រើន អ្នកស្ហប់ធម៌ រមែងវិនាស ។ យើងទាំងឡាយ ដឹងច្បាស់នូវហេតុនុ៎ះថា នោះជាសេចក្តី វិនាសទី ១ បពិត្រព្រះមានព្រះភាគ សូមព្រះអង្គសម្តែងនូវ ហេតុទី ២ អ្វីជាប្រធាននៃសេចក្តីវិនាស ។ បុគ្គលមានពួកអសប្បុរសជា ទីស្រឡាញ់ មិនធ្វើសេចក្តី ស្រឡាញ់ ចំពោះពួកសប្បុរស ពេញចិត្តចំពោះធម៌របស់ពួក អសប្បុរស នុ៎ះជាប្រធាននៃសេចក្តីវិនាស ។ យើងទាំងឡាយ ដឹងច្បាស់នូវហេតុនុ៎ះថា នុ៎ះជាសេចក្តី វិនាសទី ២ បពិត្រព្រះមានព្រះភាគ សូមព្រះអង្គសម្តែងនូវ ហេតុទី ៣ អ្វីជាប្រធាននៃសេចក្តីវិនាស ។