អដ្ឋកថាបរាភវសូត្រ
បរាភវសូត្រ មានពាក្យផ្តើមថា ឯវម្មេ សុតំ ដូច្នេះ ។ សូត្រនេះមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា ទេវតាទាំងឡាយ ស្តាប់ មង្គលសូត្រហើយ មានបរិវិតក្កថា ព្រះដ៏មានព្រះភាគត្រាស់សេចក្តីចម្រើន និងសួស្តីដល់សត្វទាំងឡាយ ក្នុងមង្គលសូត្រ ត្រាស់តែសេចក្តីចម្រើន ដោយចំណែកមួយបុណ្ណោះ មិនត្រាស់ដល់សេចក្តីវិនាសឡើយ ណ្ហើយចុះ ឥឡូវនេះ សត្វទាំងឡាយរមែងសាបសូន្យ រមែងវិនាសដោយហេតុនៃសចក្តី វិនាសណា ពួកយើងនឹងទូលសួរដល់ហេតុនៃសេចក្តីវិនាសនោះ នៃសត្វ ទាំងនោះ ។ លំដាប់នោះ ក្នុងថ្ងៃទី ២ បន្ទាប់អំពីថ្ងៃដែលត្រាស់មង្គលសូត្រ ទេវតា ទាំងឡាយក្នុងម៉ឺនចក្កវាឡ បំណងនឹងស្តាប់ព្រះសូត្រ ពោលដោយសេចក្តី វិនាស ប្រជុំគ្នាក្នុងចក្កវាឡនេះ និម្មិតអត្តភាពតូចៗ ១០ អត្តភាពខ្លះ ២០ អត្តភាព ខ្លះ ៣០ អត្តភាពខ្លះ ៤០ អត្តភាពខ្លះ ៥០ អត្តភាពខ្លះ ៦០ អត្តភាព ខ្លះ ៧០ អត្តភាពខ្លះ ៨០ អត្តភាពខ្លះ ដោយឱកាសទីបំផុតនៃចុងរោមទ្រាយ ១ បានឈរចោមរោមព្រះមានព្រះភាគ ដែលគង់លើបវរពុទ្ធាសនៈ ដែល ក្រាលហើយ រុងរឿងគ្របសង្កត់ទេវតា មារ និងព្រហ្មទាំងពួង ដោយសិរី និងតេជះ បន្ទាប់អំពីនោះ ទេវបុត្តមួយអង្គ ត្រូវសក្កទេវិន្ទត្រាស់ប្រើមកហើយ ទូលសួរប្រស្នាដែលទាក់ទងនឹងសេចក្តីវិនាសជាមួយព្រះមានព្រះភាគ លំដាប់នោះ ព្រះមានព្រះភាគត្រាស់សូត្រនេះ ដោយអំណាចនៃការសួរ ។ បណ្តាបទទាំងនោះ បទថា ឯវម្មេ សុតំ ជាដើម ព្រះអានន្ទពោល ។ គាថាក្នុងលំដាប់មួយដោយន័យជាដើមថា បរាភវន្តំ បុរិសំ ទេវបុត្តពោល ។ គាថាលំដាប់មួយទៀត ដោយន័យជាដើមថា សុវិជានោ ភវំ ហោតិ និង គាថាចុងក្រោយ ព្រះមានព្រះភាគត្រាស់ពាក្យទាំងអស់សរុបចូលគ្នាហើយ ហៅថា បរាភវសូត្រ ។