អដ្ឋកថាវសលសូត្រ

ក្បាលទី 37 · ទំព័រ 396

វសលសូត្រនេះ មានពាក្យផ្តើមថា ឯវម្មេ សុតំ ដូច្នេះ ។ វសលសូត្រ មានអត្ថុប្បត្តិហេតុដូចម្តេច ។ ព្រះដ៏មានព្រះភាគ គង់នៅក្នុង វិហារជេតពន អារាមរបស់អនាថបិណ្ឌិកសេដ្ឋី ជិតនគរសាវត្ថី ទ្រង់ ប្រមើលមើលនូវលោកដោយពុទ្ធចក្ខុ ក្នុងពេលស្រេចភត្តកិច្ចជាដើម ដោយ ន័យដែលពោលហើយ ក្នុងកសិភារទ្វាជសូត្រនោះឯង ។ ទ្រង់ឃើញអគ្គិកភារទ្វាជព្រាហ្មណ៍ ដែលដល់ព្រមដោយឧបនិស្ស័យនៃសរណៈ និង សិក្ខាបទ ទ្រង់ជ្រាបថា កាលតថាគតទៅក្នុងទីនោះហើយ ការសន្ទនានឹង ប្រព្រឹត្តទៅ បន្ទាប់អំពីនោះ ក្នុងទីបំផុតនៃការសន្ទនា ព្រាហ្មណ៍នោះស្តាប់ ធម្មទេសនាហើយ នឹងដល់សរណៈ សមាទានសិក្ខាបទទាំងឡាយ ។ ហើយ បានយាងទៅក្នុងនិវេសន៍ របស់អគ្គិកភារទ្វាជព្រាហ្មណ៍នោះ កាលការ សន្ទនាប្រព្រឹត្តទៅហើយ ព្រាហ្មណ៍បានទូលសូមឲ្យទ្រង់សម្តែងធម៌ ទើប ត្រាស់ព្រះសូត្រនេះ ។ បណ្តាបទទាំងនោះ បទថា ឯវម្មេ សុតំ ជាដើម ខ្ញុំនឹងពណ៌នាក្នុង មង្គលសូត្រ ។ បទថា អថខោ ភគវា បុព្វណ្ហសមយំ ជាដើម អ្នកសិក្សា គប្បីជ្រាបដោយន័យដែលពោលហើយ ក្នុងកសិភារទ្វាជសូត្រនោះឯង ។ ក្នុង ពាក្យថា តេន ខោ បន សមយេន អគ្គិកភារទ្វាជស្ស នោះ ពាក្យណាមួយ ដែលមិនធ្លាប់ពោល ខ្ញុំនឹងពោលពាក្យនោះៗ ឯង ។ ព្រាហ្មណ៍រមែងបូជា គឺបម្រើភ្លើង ព្រោះធ្វើយ៉ាងនេះ ទើបប្រាកដដោយ ឈ្មោះថា អគ្គិកៈ ប្រាកដដោយគោត្រថា ភារទ្វាជៈ ព្រោះហេតុនោះ ទើបលោកពោលថា អគ្គិកភារទ្វាជ ។ បទថា និវេសនេ បានដល់ ជិតផ្ទះ បានឮថា ក្បែរទ្វារនិវេសន៍របស់ ព្រាហ្មណ៍នោះ មានរោងបូជាភ្លើងត្រង់រវាងថ្នល់ ។