អដ្ឋកថា មេត្តសូត្រ
មេត្តសូត្រ មានពាក្យផ្តើមដោយគាថា ករណីយ មត្ថកុសលេន ដូច្នេះ សូត្រនេះ មានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា ភិក្ខុ ទាំងឡាយត្រូវទេវតាទាំងឡាយ ដែលនៅក្បែរភ្នំហិមពាន្ត ធ្វើកលឲ្យខ្លាចហើយ មកកាន់នគរសាវត្ថី ចូលកាន់សម្នាក់របស់ព្រះដ៏មានព្រះភាគ ព្រះសាស្តា ទ្រង់បានត្រាស់សូត្រនេះ ដើម្បីប្រយោជន៍ការពារ និងដើម្បីជាប្រយោជន៍ដល់ កម្មដ្ឋាន ដល់ភិក្ខុទាំងនោះ សេចក្តីសង្ខេប មានប្រមាណបុណ្ណេះសិន ចំណែក សេចក្តីពិស្តារ មានដូចតទៅនេះ សម័យមួយ ព្រះដ៏មានព្រះភាគ កាលថ្ងៃចូលវស្សាខិតចូលមកដល់ ទ្រង់គង់ក្នុងនគរសាវត្ថី ។ សម័យនោះ ភិក្ខុអ្នកនគរផ្សេងៗ ជាច្រើន រៀននូវ កម្មដ្ឋានក្នុងសម្នាក់របស់ព្រះដ៏មានព្រះភាគហើយ មានបំណងដើម្បីចាំវស្សាក្នុង ទីនោះៗ ទើបចូលទៅគាល់ព្រះដ៏មានព្រះភាគ បានឮថា ក្នុងទីនោះ ព្រះដ៏ មានព្រះភាគត្រាស់កម្មដ្ឋាន ដែលអនុគ្រោះដល់ចរិតចំនួន ៨៤០០០ ប្រភេទ ដោយន័យនេះ គឺអសុភកម្មដ្ឋាន ១១ យ៉ាង ដោយអំណាចសវិញ្ញាណកៈ និង អវិញ្ញាណកៈ សម្រាប់បុគ្គលដែលជារាគចរិតទាំងឡាយ កម្មដ្ឋាន មានមេត្តា ជាដើម ៤ យ៉ាង សម្រាប់បុគ្គលទោសចរិតទាំងឡាយ កម្មដ្ឋានទាំងឡាយ មានមរណានុស្សតិកម្មដ្ឋានជាដើម សម្រាប់បុគ្គលមោហចរិតទាំងឡាយ កម្មដ្ឋាន ទាំងឡាយ មានអនាបានស្សតិ និងបឋវីកសិណជាដើម សម្រាប់បុគ្គលវិតក្កចរិតទាំងឡាយ កម្មដ្ឋានទាំងឡាយ មានពុទ្ធានុស្សតិកម្មដ្ឋានជាដើម សម្រាប់ បុគ្គលសទ្ធាចរិតទាំងឡាយ កម្មដ្ឋាន មានចតុធាតុវវដ្ឋានជាដើម សម្រាប់ បុគ្គលដែលជាពុទ្ធិចរិតទាំងឡាយ ។