អដ្ឋកថាហេមវតសូត្រ
ហេមវតសូត្រមានពាក្យផ្តើមថា អជ្ជ បណ្ណរសោ ដូច្នេះ ។ សូត្រនេះ មានអត្ថុប្បត្តិហេតុដូចម្តេច មានអត្ថុប្បត្តិហេតុដោយអំណាចនៃពាក្យ សួរ ។ ពិតហើយ ព្រះដ៏មានព្រះភាគត្រូវហេមវតយក្ខទូលសួរ ទើបត្រាស់ ថា ឆសុ លោកោ សមុប្បន្នោ ដូច្នេះជាដើម ។ ក្នុងសូត្រនោះ បទថា អជ្ជ បណ្ណរសោ ជាដើម សាតាគិរយក្ខជាអ្នក ពោលពាក្យថា ឥតិ សាតាគិរោ ជាដើម ព្រះសង្គីតិកាចារ្យទាំងឡាយជា អ្នកពោល ។ បទថា កច្ចិ មនោ ជាដើម ហេមវតយក្ខជាអ្នកពោល ។ បទថា ឆសុ លោកោ ជាដើម ព្រះដ៏មានព្រះភាគទ្រង់ជាអ្នកត្រាស់ ពាក្យ ទាំងអស់នោះរួមចូលគ្នា ហៅថា ហេមវតសូត្រ ។ អាចារ្យពួកខ្លះពោលថា សាតាគិរសូត្រ ដូច្នេះក៏មាន ក្នុងសូត្រនោះ គាថាថា អជ្ជ បណ្ណរសោ ជាដើម មានអត្ថុប្បត្តិហេតុដូច្នេះថា ក្នុងភទ្ទកប្បនេះឯង មនុស្សទាំងឡាយបានធ្វើសរីរកិច្ច ដោយការបូជា យ៉ាងធំដល់ព្រះដ៏មានព្រះភាគ សម្មាសម្ពុទ្ធព្រះនាមកស្សបៈ ទ្រង់កើតក្នុង សម័យមនុស្សទាំងឡាយអាយុ ២ ម៉ឺនឆ្នាំ ទ្រង់តម្កល់ព្រះជន្មាយុបាន ១ ម៉ឺន ៦ ពាន់ឆ្នាំហើយ បរិនិព្វាន ។ ព្រះធាតុទាំងឡាយរបស់ព្រះដ៏មានព្រះភាគ ព្រះនាមកស្សបៈអង្គនោះ មិនខ្ចាត់ខ្ចាយ តាំងនៅជាដុំតែមួយដូចដុំមាស ដូច្នោះ ព្រោះជាធម្មតារបស់ព្រះពុទ្ធ ដែលមានព្រះជន្មាយុយឺនយូរទាំងឡាយ ចំណែកព្រះសម្ពុទ្ធដែលមានព្រះជន្មាយុតិច ជនជាច្រើនមិនទាន់ឃើញ ទ្រង់ ក៏បរិនិព្វានមុន ព្រោះដូច្នោះ ទើបទ្រង់អធិដ្ឋានថា ចូរព្រះធាតុទាំងឡាយបែក ជាបំណែក ដោយទ្រង់អនុគ្រោះថា ជនទាំងឡាយក្នុងទីនោះៗ សូម្បីធ្វើការបូជា ព្រះធាតុហើយ នឹងជួបនូវគំនរបុណ្យ ដោយហេតុនោះ ព្រះធាតុទាំងឡាយរបស់ព្រះពុទ្ធ ដែលមានព្រះជន្មាយុតិចបុណ្ណោះ ទើបបែកខ្ញែកទៅដូច