អដ្ឋកថាអាឡវកសូត្រ
អាឡវកសូត្រ មានពាក្យផ្តើមថា ឯវម្មេ សុតំ ដូច្នេះ សូត្រនេះ មានអត្ថុប្បត្តិហេតុដូចម្តេច ។ អត្ថុប្បត្តិហេតុនៃអាឡវកសូត្រនោះ នឹងជាក់ច្បាស់ ដោយន័យរបស់អត្ថវណ្ណនានោះឯង ។ ក្នុងអត្ថវណ្ណនា បទថា ឯវម្មេ សុតំ ឯកំ សមយំ ភគវា នោះ មានអត្ថដែលពោលហើយ នោះឯង ។ ក្នុងបទថា អាឡវិយំ វិហរតិ អាឡវកស្ស យក្ខស្ស ភវនេ នេះ មានពាក្យសួរថា អាឡវី គឺអ្វី ហើយព្រះដ៏មានព្រះភាគគង់នៅក្នុង លំនៅរបស់អាឡវកយក្ខនោះ ព្រោះហេតុអ្វី ខ្ញុំនឹងឆ្លើយនូវពាក្យសួរដូចតទៅ ពាក្យថា អាឡវី នោះ ជារដ្ឋខ្លះ ជានគរខ្លះ ទាំងពីរយ៉ាងនោះ ក៏គួរ ក្នុងសូត្រនេះ ព្រះដ៏មានព្រះភាគសូម្បីគង់នៅក្នុងទីជិតអាឡវីនគរ ក៏ហៅថា គង់នៅក្នុងក្រុងអាឡវី និងក្នុងទីជិត គឺក្នុងទីមិនឆ្ងាយអំពីនគរនោះ ប្រមាណ ១ គាវុត ទីលំនៅនោះក៏ហៅថា ព្រះដ៏មានព្រះភាគប្រថាប់នៅក្នុង ក្រុងអាឡវីប្រថាប់នៅជិតនគរអាឡវី ។ ទីលំនៅនោះមានក្នុងក្រុងអាឡវី ។ បានឮថា ព្រះរាជាព្រះនាមអាឡវកៈ ទ្រង់លះបង់អ្នករបាំ និងគ្រឿង ឧបភោគផ្សេងៗ យាងទៅបរបាញ់សត្វរៀងរាល់ ៧ ថ្ងៃ ដើម្បីការពារចោរ ដើម្បីកំញើញបដិរាជា និងដើម្បីធ្វើសេចក្តីព្យាយាម ។ ក្នុងថ្ងៃមួយ ទ្រង់បាន ធ្វើកតិកាជាមួយពួកពលថា ម្រឹគគេចទៅត្រង់មុខអ្នកណា ម្រឹគនោះ ត្រូវជាភារៈ របស់បុគ្គលនោះបុណ្ណោះ ។ កាលនោះ ម្រឹគបានគេចទៅត្រង់មុខព្រះរាជា អង្គនោះឯង ។ ព្រះរាជាទ្រង់សម្បូរដោយសន្ទុះ ទ្រង់ចាប់ធ្នូដេញតាមម្រឹគ នោះ តែមួយព្រះអង្គឯង អស់ចម្ងាយផ្លូវ ៣ យោជន៍ ម្រឹគទ្រាយទាំងឡាយ មានកម្លាំងរហ័សត្រឹម ៣ យោជន៍បុណ្ណោះ ។ លំដាប់នោះ ព្រះរាជាទ្រង់សម្លាប់ម្រឹគនោះដែលខ្សោយកម្លាំង ចុះទឹក ហើយឈរ កាត់ម្រឹគនោះជាពីរកំណាត់ ទ្រង់ម