អដ្ឋកថារតនសូត្រ
ព្រះមានព្រះភាគ ដែលស្តេចលិច្ឆវីនិមន្តមកហើយយ៉ាងនេះ បានត្រាស់ព្រះសូត្រនេះ ដើម្បីឲ្យឧបទ្រពទាំងឡាយស្ងប់ នេះ គឺសេចក្តីសង្ខេប ក្នុងរតនសូត្រនេះ ។ បុរាណាចារ្យទាំងឡាយ បានពណ៌នាដល់ការកើតឡើងនៃព្រះសូត្រនេះ ចាប់តាំងពីកកើតនគរវេសាលី គប្បីជ្រាបអត្ថុប្បត្តិហេតុនៃរតនសូត្រនោះដូចតទៅ នេះ គភ៌តាំងឡើងក្នុងផ្ទៃអគ្គមហេសីរបស់ព្រះរាជាក្នុងនគរ ពារាណសី ព្រះនាងជ្រាបការដែលគភ៌នោះតាំងឡើងហើយ ទើបបានក្រាប ទូលដល់ព្រះរាជាៗ ទ្រង់បានព្រះរាជទានការបរិហារគភ៌ ព្រះនាងមានព្រះគភ៌ ដែលមនុស្សទាំងឡាយថែរក្សាដោយប្រពៃ ក្នុងកាលដែលគភ៌ចាស់ ព្រះនាង ក៏យាងឡើងកាន់ផ្ទះប្រសូត ។ ស្រីមានបុណ្យទាំងឡាយ តែងប្រសូតបុត្តក្នុង វេលាទៀបភ្លឺ ព្រះនាងជាស្រីម្នាក់ ក្នុងបណ្តាស្រីមានបុណ្យទាំងនោះ ព្រោះ ហេតុនោះ ក្នុងវេលាទៀបភ្លឺ ព្រះនាងក៏ប្រសូតដុំសាច់មួយដុំ ដូចគ្នានឹង ដុំល័ក្ត មានពណ៌ដូចផ្កាច្បារ ។ បន្ទាប់អំពីនោះ ព្រះមហេសីព្រះតម្រិះថា ការខូចកិត្តិយសគប្បីកើតឡើងដល់អញចំពោះមុខព្រះរាជា ព្រោះថា ទេវីដទៃ ប្រសូតព្រះឱរសដូចគ្នានឹងដុំមាស អគ្គមហេសីប្រសូតដុំសាច់ ដូច្នេះ ។ ព្រោះ ខ្លាចវិនាសកិត្តិយសនោះ ទើបព្រះនាងឲ្យដាក់ដុំសាច់នោះ ក្នុងភាជនៈមួយ គ្របដោយភាជនៈមួយ ប្រថាប់ត្រា ហើយឲ្យយកទៅបណ្តែតក្នុងស្ទឹងគង្គា គ្រាន់តែមនុស្សទាំងឡាយ បណ្តែតភាជនៈនោះបុណ្ណោះ ទេវតាទាំងឡាយ ក៏តាមថែរក្សា ។ ទេវតាទាំងឡាយបានចារិកបន្ទះមាសដោយហិង្គុលជាតិ ចង ត្រង់ភាជនៈនោះថា វត្ថុនេះកើតអំពីគភ៌អគ្គមហេសី របស់ព្រះបាទពារាណសី បន្ទាប់អំពីនោះ ភាជនៈនោះមិនមានអន្តរាយ អំពីរលកជាដើមឡើយ បាន អណ្តែតតាមខ្សែទឹកស្ទឹងគង្គានោះ ។ សម័យនោះ តាបសម្ន