សូចិលោមសូត្រទី ៥

ក្បាលទី 37 · ទំព័រ 879

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់លើគ្រែថ្ម ជាលំនៅនៃសូចិលោមយក្ខ ទៀបគយាគ្រាម ។ សម័យ នោះឯង ខរយក្ខ និងសូចិលោមយក្ខ នាំគ្នាដើរទៅជិតព្រះមានព្រះភាគ ។ លំដាប់នោះ ខរយក្ខបាននិយាយនឹងសូចិលោមយក្ខថា នុ៎ះព្រះសមណៈ ។ សូចិលោមយក្ខឆ្លើយថា នុ៎ះមិនមែនព្រះសមណៈទេ នុ៎ះគ្រាន់តែប្រហែលនឹង ព្រះសមណៈ ចាំខ្ញុំសង្កេតឲ្យដឹងថា ជាព្រះសមណៈ ឬប្រហែលនឹងព្រះសមណៈ សិន ។ វេលានោះ សូចិលោមយក្ខ ក៏ចូលទៅជិតព្រះមានព្រះភាគ លុះចូលទៅ ដល់ហើយ បន្ទន់កាយទៅរកព្រះមានព្រះភាគ ។ ចំណែកព្រះមានព្រះភាគ ងាកព្រះកាយចេញ ។ លំដាប់នោះ សូចិលោមយក្ខ ទូលសួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះសមណៈ ខ្លាចខ្ញុំឬ ។ ម្នាលអាវុសោ តថាគតមិនខ្លាច អ្នកទេ តែសម្ផស្សរបស់អ្នកឯងអាក្រក់ ។ ព្រះសមណៈ យើងនឹងសួរប្រស្នាចំពោះលោក បើលោកមិនឆ្លើយប្រាប់ យើង យើងនឹងធ្វើចិត្តរបស់លោកឲ្យរវើរវាយ ឬនឹងហែកហបឫទ័យលោក ឬក៏នឹងចាប់ជើងបោះទៅត្រើយម្ខាងទន្លេគង្គា ។ ម្នាលអាវុសោ បុគ្គលណា គប្បីញ៉ាំងចិត្តតថាគត ឲ្យរាយមាយក្តី ហែកហ្ឫទ័យតថាគតក្តី គប្បីចាប់ ជើងតថាគត គ្រវីបោះទៅត្រើយម្ខាងទន្លេគង្គាក្តី តថាគតមិនឃើញបុគ្គលនោះ ទោះបីក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ឡើយ ម្នាលអាវុសោ មួយទៀត អ្នកប្រាថ្នា ( នឹងសួរ ) ប្រស្នាណា ចូរសួរ ប្រស្នានោះមកចុះ ។ លំដាប់នោះ សូចិលោមយក្ខ បានពោលទៅនឹងព្រះមាន ព្រះភាគ ដោយគាថាដូច្នេះថា