អដ្ឋកថា ព្រាហ្មណធម្មិកសូត្រទី ៧
ក្នុងព្រាហ្មណធម្មិកសូត្រទី ៧ មានពាក្យផ្តើមថា ឯវម្មេ សុតំ ដូច្នេះ ។ សួរថា ព្រះសូត្រនេះ មានអត្ថុប្បត្តិហេតុដូចម្តេច ឆ្លើយថា ការកើតឡើង នៃព្រះសូត្រនេះ លោកបានពោលក្នុងពាក្យផ្តើមនៃព្រះសូត្រហើយ ដោយ ន័យជាដើមថា អថ ខោ សម្ពហុលា ។ បណ្តាបទទាំងនោះ បទថា សម្ពហុលា បានដល់ ច្រើន គឺមិនមែន តិច ។ បទថា កោសលកា បានដល់ អ្នកនគរកោសល ។ បទថា ព្រាហ្មណមហាសាលា សេចក្តីថា ពួកព្រាហ្មណ៍ដោយជាតិ ឈ្មោះថា មហាសាល ព្រោះជាអ្នកមានសារៈច្រើន ។ បានឮថា ព្រាហ្មណ៍ឯណាមានទ្រព្យរក្សា ៨០ កោដិ ព្រាហ្មណ៍ទាំងនោះ លោកហៅថា ព្រាហ្មណមហាសាល ឯព្រាហ្មណ៍ទាំងនេះក៏ដូច្នោះ ព្រោះ ហេតុនោះ ទើបលោកពោលថា ព្រាហ្មណមហាសាលា ។ បទថា ជិណ្ណា បានដល់ ជាអ្នកមានភាពជរា គឺត្រូវសេចក្តីជរាឲ្យដល់ នូវភាវៈ មានធ្មេញបាក់ជាដើម ។ បទថា វុឌ្ឍា សេចក្តីថា ដល់នូវព្រំដែន នៃសេចក្តីចម្រើននៃអវ័យវៈតូចធំ ។ បទថា មហល្លកា បានដល់ ប្រកបដោយ ភាពជាអ្នកមានជាតិជាមនុស្សចាស់ អធិប្បាយថា កើតមកយូរហើយ ។ បទថា អទ្ធគតា បានដល់ ទៅកាន់ផ្លូវឆ្ងាយ គឺយូរ អធិប្បាយថា កន្លងទៅពីរបីរជ្ជកាល ។ ពីរបទថា វយោ អនុប្បត្តា បានដល់ ចូល ដល់បច្ឆិមវ័យ ។ ម្យ៉ាងទៀត បទថា ជិណ្ណា បានដល់ បុរាណ អធិប្បាយ ថា កន្លងត្រកូលដែលប្រព្រឹត្តទៅអស់កាលយូរ ។ បទថា វុឌ្ឍោ បានដល់ ប្រកបដោយគុណ មានសីលាចារវត្តជាដើម ។ បទថា មហល្លកា បានដល់ ប្រកបដោយភាពជាអ្នកមានភោគៈច្រើន មានទ្រព្យច្រើន មានភោគសម្បត្តិច ្រើន ។ បទថា អទ្ធគតា បានដល់ បដិបត្តិតាមគន្លង គឺត្រាច់ទៅ មិន ឈានកន្លងមារយាទ មានចរិយាវត្តរបស់ពួកព្រាហ្មណ៍ជាដើម ។