នាវាសូត្រទី ៨
បុរសបានដឹងធម៌ អំពីសំណាក់អាចារ្យណា គប្បីបូជា អាចារ្យនោះ ដូចជាទេវតាបូជាព្រះឥន្ទ្រ អាចារ្យអ្នកចេះដឹងច្រើន ដែលមានសិស្សបានបូជាហើយនោះ ជាអ្នកមានចិត្តជ្រះថ្លាក្នុង សិស្សនោះ រមែងធ្វើធម៌ឲ្យជាក់ច្បាស់ ។ សិស្សនោះ កាលបើ បានធ្វើធម៌នោះ ឲ្យតាំងនៅហើយ បានពិចារណា ជាធីរជន ប្រតិបត្តិធម៌សមគួរតាមធម៌ រមែងជាអ្នកដឹង ជាអ្នកធ្វើឲ្យជាក់ច្បាស់ ទាំងជាអ្នកមានបញ្ញាល្អិត បុគ្គលដែលមិនប្រមាទ រមែង សេពគប់អ្នកប្រាជ្ញបែបនោះ ។ សិស្ស កាលបើសេពគប់នឹង អាចារ្យ ជាអ្នកទន់ទាបល្ងង់ខ្លៅ មានប្រយោជន៍មិនទាន់ សម្រេច មានតែសេចក្តីច្រណែនគេ រមែងមិនបានធ្វើឲ្យជាក់ច្បាស់ នូវធម៌ក្នុងសាសនានេះ មិនបានឆ្លងផុតសេចក្តីសង្ស័យ ដល់នូវមរណៈ ។ ជនចុះកាន់ទន្លេមានទឹកច្រើន លម្ញាច ហូរ ខ្លាំង ជននោះ កាលរសាត់អណ្តែតទៅតាមខ្សែទឹក ធ្វើម្តេចនឹង អាចចម្លងពួកជនឯទៀតបាន យ៉ាងណាមិញ ។ បុគ្គលណា មិនបានធ្វើឲ្យជាក់ច្បាស់នូវធម៌ មិនបានស្តាប់ សេចក្តី ( ក្នុង សម្នាក់ ) នៃពួកពហុស្សូត មិនទាន់យល់ដោយខ្លួនឯង ជាអ្នក មិនទាន់អស់សេចក្តីសង្ស័យ ធ្វើម្តេចនឹងអាចញ៉ាំងជនឯទៀត ឲ្យយល់បាន ក៏យ៉ាងនោះដែរ ។ បុគ្គលឡើងជិះទូកដ៏មាំ បរិបូណ៌ ដោយចែវ និងថ្នោល ជាអ្នកដឹងឧបាយក្នុងការទូកនោះ ជាអ្នកឈ្លាស វៃមានគំនិត គប្បីចម្លងពួកជនដទៃជាច្រើន ក្នុងទូកនោះ បាន យ៉ាងណាមិញ ចំណែកបុគ្គលណា ជាអ្នកដល់នូវវេទ មានចិត្តបានអប់រំហើយ ជាពហុស្សូតមិនញាប់ញ័រ ( ក្នុង លោកធម៌ ) បុគ្គលនោះឯង ជាអ្នកចេះដឹង ញ៉ាំងពួកជនដទៃ ដែលជាអ្នកបរិបូណ៌ ដោយការត្រងត្រាប់ និងឧបនិស្ស័យ ឲ្យ ចេះដឹងបាន ក៏យ៉ាងនោះឯង ។