អដ្ឋកថា នាវាសូត្រទី ៨

ក្បាលទី 38 · ទំព័រ 56

ក្នុងនាវាសូត្រទី ៥ មានពាក្យផ្តើមថា យស្មា ហិ ធម្មំ ដូច្នេះ ។ ព្រះសូត្រនេះ លោកហៅថា នាថសូត្រ ក៏មាន ។ សួរថា ព្រះសូត្រ នេះមានអត្ថុប្បត្តិហេតុដូចម្តេច ឆ្លើយថា ព្រះសូត្រនេះ ព្រះមានព្រះភាគត្រាស់ ប្រារព្ធព្រះសារីបុត្តដ៏មានអាយុ នេះ គឺសេចក្តីសង្ខេបក្នុងសូត្រនេះ ឯសេចក្តី ពិស្តារគប្បីជ្រាបចាប់អំពីកាលដែលព្រះអគ្គសាវ័កទាំង ២ កើតឡើងដូច្នេះថា បានឮមកថា កាលព្រះមានព្រះភាគមិនទាន់កើតឡើង អគ្គសាវ័កទាំង ២ បំពេញបារមីមួយអសង្ខេយ្យ និងមួយសែនកប្ប ហើយកើតឡើងក្នុងទេវលោក ។ បណ្តាអគ្គសាវ័កទាំង ២ នោះ ព្រះសារីបុត្តឃ្លាតចាកទេវលោក ហើយ បដិសន្ធិក្នុងគភ៌របស់ព្រាហ្មណីឈ្មោះរូបសារី នៃព្រាហ្មណ៍ដែលជាមេ ស្រុក មានទ្រព្យដល់ទៅ ៥៦០ កោដិ ក្នុងស្រុកដែលជាលំនៅរបស់ពួក ព្រាហ្មណ៍ ឈ្មោះថា ឧបតិស្សគាម ដែលនៅមិនឆ្ងាយអំពីក្រុងរាជគ្រឹះ ។ ទុតិយសាវ័ក បដិសន្ធិក្នុងផ្ទៃរបស់ព្រាហ្មណីឈ្មោះមោគ្គល្លានី នៃព្រាហ្មណ៍ ដែលជាមេស្រុកដែលមានទ្រព្យចំនួន ៥៦០ កោដិដូចគ្នា ក្នុងស្រុកដែលជាទីនៅ អាស្រ័យរបស់ពួកព្រាហ្មណ៍ឈ្មោះកោលិតគាម មិនឆ្ងាយអំពីក្រុងរាជគ្រឹះ នោះដូចគ្នា ហើយបដិសន្ធិក្នុងថ្ងៃជាមួយគ្នានោះឯង ។ បដិសន្ធិ និងការចេញចាកគភ៌របស់លោកទាំង ២ នោះ មានហើយ ក្នុងថ្ងៃតែមួយ ញាតិទាំងឡាយបានដាក់ឈ្មោះឲ្យកុមារម្នាក់ ក្នុងបណ្តាកុមារ ទាំង ២ នោះថា ឧបតិស្សៈ ព្រោះកើតក្នុងឧបតិស្សគាម ដាក់ឈ្មោះកុមារ ម្នាក់ទៀតថា កោលិតៈ ព្រោះកើតក្នុងកោលិតគាម ក្នុងថ្ងៃតែមួយដូចគ្នា ។