កឹសីលសូត្រទី ៩

ក្បាលទី 38 · ទំព័រ 69

( ព្រះសារីបុត្តដ៏មានអាយុ ក្រាបទូលសួរថា ) នរជន មានសីលដូចម្តេច មានមារយាទដូចម្តេច ចម្រើននូវ អំពើទាំងឡាយដូចម្តេច គប្បីជាបុគ្គលប្រតិស្ឋានមាំល្អ ( ក្នុង សាសនា ) ផង ដល់នូវប្រយោជន៍ខ្ពង់ខ្ពស់ គឺអរហត្តផល ផង ។ ( ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ) បុគ្គលត្រូវប្រព្រឹត្តក ោតក្រែង ចំពោះបុគ្គលដែលចម្រើន ជាអ្នកមិនមានសេចក្តី ច្រណែន ស្គាល់កាលគួរជួបនឹងគ្រូ ស្គាល់ខណៈស្តាប់ធម្មីកថា ដែលលោកពោល គប្បីស្តាប់សុភាសិតឯទៀតដោយគោរព ។ បុគ្គលគួរធ្វើការរឹងត្អឹង ឲ្យជ្រះស្រឡះ ប្រព្រឹត្តបន្ទាបខ្លួន ហើយចូលទៅកាន់សម្នាក់គ្រូ តាមកាលគួរ គប្បីរពឫករឿយៗ ទាំងប្រព្រឹត្តដោយប្រពៃ នូវអត្ថនៃ ( ភាសិត ) ធម៌ សីល និងព្រហ្មចារ្យ ( ដ៏សេស ដែលគ្រូសម្តែងហើយ ) ។ បុគ្គលគួរជាអ្នកមានធម៌ជាទីត្រេកអរ ត្រេកអរក្នុងធម៌ ឋិតនៅក្នុង ធម៌ ចេះវិនិច្ឆ័យនូវធម៌ មិនគួរប្រព្រឹត្តនូវពាក្យដែលប្រទូស្ត ចំពោះធម៌ គប្បីញ៉ាំងកាលឲ្យអស់ទៅ ដោយសុភាសិតទាំងឡាយដែលពិតៗ ។ បុគ្គលគួរលះបង់នូវការសើច រីករាយ ការចរចាឥតប្រយោជន៍ ការខ្សឹកខ្សួល ការប្រទូស្ត ការធ្វើនូវមាយា ការកុហក ការជាប់ ចិត្ត ការប្រកាន់ ការប្រណាំងប្រជែង សម្តីអាក្រក់ ទឹក អម្ចត់ គឺរាគាទិក្កិលេស និងការជ្រប់នៅដោយតណ្ហា គប្បីជា បុគ្គលប្រាសចាកសេចក្តីស្រវឹង មានចិត្តឋិតនៅមាំ ។ សុភាសិតទាំងឡាយ ( ដែលប្រកបដោយសមថវិបស្សនា ) គឺអ្នកប្រាជដឹងច្បាស់ថា មានសារៈ ឯញាណសម្រេចអំពីសុតៈ គឺអ្នកប្រាជដឹងច្បាស់ថា មានសមាធិជាសារៈ បញ្ញា និងសុតៈ រមែងមិនចម្រើនដល់នរជនដែលជាអ្នកមានចិត្តរហ័ស ជាអ្នក ធ្វេសប្រហែស ។