ឧដ្ឋានសូត្រទី ១០

ក្បាលទី 38 · ទំព័រ 82

( ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងពួកភិក្ខុយ៉ាងនេះ ថា ) អ្នកទាំងឡាយចូរក្រោក ( ចូរអង្គុយចម្រើនកម្មដ្ឋាន ) ប្រយោជន៍អ្វីដោយការដេកលក់របស់អ្នកទាំងឡាយ ព្រោះថា អ្នកទាំងឡាយឈឺជានិច្ច ត្រូវសរ គឺរាគាទិក្កិលេលចាក់ដោត ហើយ កំពុងតែលំបាក ម្តេចក៏នៅដេកលក់ ។ អ្នកទាំងឡាយ ចូរក្រោកអង្គុយ ចូរសិក្សាឲ្យមាំមួន ដើម្បី សេចក្តីស្ងប់ កុំឲ្យមច្ចុរាជបានដឹងនូវអ្នកទាំងឡាយ ថាជាអ្នក ប្រមាទហើយ ធ្វើឲ្យវង្វេង លុះក្នុងអំណាចនៃខ្លួនឡើយ ។ ពួកទេវតានិងមនុស្ស ត្រូវការនឹងអារម្មណ៍ជាដើម អាស្រ័យ ជាប់នៅ ( ក្នុងអារម្មណ៍នោះ ) ព្រោះតណ្ហាណា អ្នកទាំងឡាយ ចូរឆ្លងនូវតណ្ហាជាគ្រឿងផ្សាយនុ៎ះ កុំឲ្យខណៈកន្លងផុត នូវអ្នកទាំងឡាយឡើយ ព្រោះថា ពួកជនដែលខណៈ កន្លងហើយ រមែងសោកណែនណាន់ក្នុងនរក ។ សេចក្តីប្រមាទជាធូលី ធូលីធ្លាក់ចុះតាមសេចក្តីប្រមាទ ព្រោះតែ សេចក្តីប្រមាទ កុលបុត្រដកចោលនូវសរ គឺរាគាទិក្កិលេសរបស់ខ្លួនបានដោយវិជ្ជា គឺអាសវក្ខយញ្ញាណ ព្រោះតែ សេចក្តីមិនប្រមាទ ។