រាហុលសូត្រទី ១១

ក្បាលទី 38 · ទំព័រ 92

( ព្រះមានព្រះភាគត្រាស់សួរថា ) អ្នកមិនមើលងាយ អ្នកប្រាជ ព្រោះតែនៅរួមគ្នារឿយៗ ទេឬ បុគ្គលអ្នកទ្រោល គប់ភ្លើងបំភ្លឺដល់ពួកមនុស្ស អ្នកកោតក្រែងដែរឬ ។ ( ព្រះរាហុលដ៏មានអាយុ ក្រាបទូលថា ) ខ្ញុំព្រះអង្គមិនមើលងាយ អ្នកប្រាជ ព្រោះតែនៅរួមគ្នារឿយៗ ទេ បុគ្គលអ្នកទ្រោល គប់ភ្លើងបំភ្លឺដល់ពួកមនុស្ស ខ្ញុំព្រះអង្គកោតក្រែងជានិច្ច ។ ( ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ) អ្នកចូរលះបង់នូវកាមគុណ ៥ មានសភាពជាទីស្រឡាញ់ ជាទីត្រេកអរនៃចិត្ត ចេញចាកផ្ទះមកបួសដោយសទ្ធា ហើយធ្វើនូវទីបំផុតទុក្ខចុះ ។ អ្នកចូរគប់រកនូវកល្យាណមិត្ត និងទីដេក ទីអង្គុយដ៏ឆ្ងាយ ស្ងប់ស្ងាត់ មិនមានសំឡេងគឹកកង ចូរជាអ្នកស្គាល់ប្រមាណក្នុង ភោជន ។ អ្នកកុំធ្វើបំណងក្នុងបច្ច័យទាំងនេះ គឺចីវរប្បច្ច័យ បិណ្ឌបាតប្បច្ច័យ សេនាសនប្បច្ច័យ និងគិលានប្បច្ច័យឡើយ កុំត្រឡប់មក កាន់លោកទៀតឡើយ ។ អ្នកចូរសង្រួមក្នុងបាតិមោក្ខផង ក្នុងឥន្ទ្រិយទាំង ៥ ផង ចូរ មានស្មារតី ប្រព្រឹត្តទៅក្នុងកាយ ចូរជាបុគ្គលច្រើនដោយ សេចក្តីនឿយណាយ ។ អ្នកចូរលះនូវសុភនិមិត្តដែលប្រកបដោយរាគៈ ចូរចម្រើនចិត្ត ដោយអសុភ ឲ្យជាចិត្តមូលតែមួយ តាំងមាំដោយប្រពៃ មួយ ទៀត ចូរចម្រើននូវអនិមិត្តវិបស្សនា ចូរលះនូវអនុស័យ គឺ មានះ លំដាប់តអំពីនោះ អ្នកនឹងប្រព្រឹត្តស្ងប់រម្ងាប់ ព្រោះ លះបង់មានះ ។ ព្រះមានព្រះភាគ ទ្រង់ទូន្មានព្រះរាហុលដ៏មានអាយុ ជារឿយៗ ដោយគាថាទាំងនេះ ដោយប្រការយ៉ាងនេះឯង ។