អដ្ឋកថា រាហុលសូត្រទី ១១
ក្នុងរាហុលសូត្រទី ១១ មានពាក្យផ្តើមថា កច្ចិ អភិណ្ហសំវាសា ដូច្នេះ ។ សួរថា សូត្រនេះ មានអត្ថុប្បត្តិហេតុដូចម្តេច ឆ្លើយថា ព្រះសូត្រនេះ មានអត្ថុប្បត្តិហេតុដូចតទៅនេះ ព្រះមានព្រះភាគ បានត្រាស់ដឹងសម្មាសម្ពោធិញ្ញាណហើយ បានយាង ចាកមណ្ឌលពោធិព្រឹក្ស ទៅកាន់នគរកបិលពស្តុដោយលំដាប់ ក្នុងនគរ កបិលពស្តុនោះ ត្រូវរាហុលកុមារបានទូលសូមភាពជារជ្ជទាយាទថា បពិត្រ ព្រះសមណៈ សូមទ្រង់ប្រទានភាពជារជ្ជទាយាទដល់ខ្ញុំ ដូច្នេះ ព្រះសាស្តា ក៏ត្រាស់ដល់ព្រះសារីបុត្តថា ចូរអ្នកឲ្យរាហុលកុមារបព្វជ្ជា រឿងទាំងពួងនោះ បណ្ឌិតគប្បីជ្រាបដោយន័យដែលខ្ញុំពោលហើយ ក្នុងអដ្ឋកថាខន្ធកៈ ។ ព្រះរាហុល បានបព្វជ្ជាហើយយ៉ាងនេះ ដល់នូវសេចក្តីចម្រើនហើយ ព្រះសារីបុត្ត នោះឯង ក៏បានឲ្យឧបសម្បទា ឯព្រះមោគ្គល្លានជាកម្មាវាចាចារ្យរបស់រាហុល នោះ។ ព្រះរាហុលត្ថេរមិនទាន់បានសម្រេចអរិយភូមិដរាបណា ព្រះមានព្រះភាគ ក៏ទ្រង់ទូន្មានព្រះថេរៈនោះដរាបនោះ តាំងអំពីកាលដែលលោកនៅក្មេង ដោយ ទ្រង់ព្រះតម្រិះថា កុមារនេះសម្បូរដោយជាតិជាដើម កុមារនេះ កុំបីធ្វើនូវការ ប្រកាន់ខ្លួន ឬលើកតម្កើងខ្លួន ព្រោះអាស្រ័យជាតិ គោត្ត ត្រកូល និងពណ៌ សម្បុរជាដើម ដូច្នេះហើយ ទើបត្រាស់ព្រះសូត្រនេះរឿយៗ ព្រោះហេតុនោះ ខាងចុងនៃព្រះសូត្រ ព្រះអានន្ទពោលពាក្យថា បានឮថា ព្រះមានព្រះភាគ ត្រាស់ទូន្មានរាហុលត្ថេរ ដោយព្រះគាថាទាំងនេះរឿយៗ ដោយប្រការដូច្នេះ ។