អដ្ឋកថា សម្មាបរិព្វាជនីយសូត្រទី ១៣
ក្នុងសម្មាបរិព្វាជនិយសូត្រទី ១៣ មានពាក្យផ្តើមថា បុច្ឆាមិ មុនឹ បហូតបញ្ហំ ដូច្នេះ ។ លោកហៅថា មហាសមយសូត្រក៏មាន ព្រោះពោលក្នុងថ្ងៃមហាសម័យ សួរថា សូត្រនេះ មានអត្ថុប្បត្តិហេតុដូចម្តេច ឆ្លើយថា សូត្រនេះ មាន អត្ថុប្បត្តិហេតុ ព្រោះមានពាក្យសួរ ព្រោះថា ព្រះមានព្រះភាគត្រូវពុទ្ធនិម្មិត សួរ ទើបបានត្រាស់ព្រះសូត្រនេះ មួយអន្លើដោយពាក្យសួរព្រះសូត្រនោះ ទើបលោកហៅថា សម្មាបរិព្វាជនិយសូត្រក៏មាន ។ សេចក្តីសង្ខេបក្នុងព្រះសូត្រ នេះ មានប្រមាណបុណ្ណេះ ។ ឯដោយពិស្តារនោះ បុរាណាចារ្យបាន ពណ៌នាតាំងអំពីការកើតនៃសាកិយវង្ស និងកោលិយវង្ស ពណ៌នាត្រឹម ឧទ្ទេសក្នុងរឿងនេះ មានដូចតទៅនេះ កាលបឋមកប្ប ព្រះបាទមហាសម្មតិរាជ មានព្រះឱរសព្រះនាមរោជៈ ព្រះបាទរោជៈ មានព្រះឱរសព្រះនាមវររោជៈ ព្រះបាទវររោជៈ មានព្រះ ឱរសព្រះនាមកល្យាណ ព្រះបាទកល្យាណ មានព្រះឱរសព្រះនាមវរកល្យាណ ព្រះបាទវរកល្យាណ មានព្រះឱរសព្រះនាមមន្ធាធាតុ ។ ព្រះបាទមន្ធាតុ មាន ព្រះឱរសព្រះនាមវរមន្ធាតុ ព្រះបាទវរមន្ធាតុ មានព្រះឱរសព្រះនាមឧបោសថ ព្រះបាទឧបោសថ មានព្រះឱរសព្រះនាមចរៈ ព្រះបាទចរៈ មានព្រះឱរស ព្រះនាមឧបចរៈ ព្រះបាទឧបចរៈ មានព្រះឱរសព្រះនាមមឃាទេវៈ បន្តអំពី ព្រះបាទមឃាទេវៈនោះ មានក្សត្រ ៨៤០០០ អង្គបន្តមក បន្ទាប់អំពីក្សត្រ អង្គនោះ មានវង្សឱក្កាករាជ ៣ វង្ស ។ ព្រះបាទឱក្កាករាជអង្គទី ៣ មានមហេសី ៥ អង្គ គឺព្រះនាងហត្ថា ១ ព្រះនាងចិត្តា ១ ព្រះនាងជន្តុ ១ ព្រះនាងជាលិនី ១ ព្រះនាងវិសាខា ១ មហេសីមួយអង្គៗ មានបរិវារ ៥០០ ។ មហេសីអង្គធំមានឱរស ៤ អង្គ គឺព្រះបាទឱក្កាមុខ ១ ព្រះបាទ កាកណ្ឌៈ ១ ព្រះបាទហត្ថិនិកៈ ១ ព្រះបាទនិបុរៈ ១ ។