ធម្មិកសូត្រទី ១៤
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ គ្រា នោះ ធម្មិកឧបាសកបានចូលទៅគាល់ព្រះមានព្រះភាគជាមួយនឹងពួកឧបាសក ប្រមាណ ៥០០ នាក់ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ ធម្មិកឧបាសក លុះអង្គុយក្នុងទីសមគួរហើយក៏ ក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដោយគាថាដូច្នេះថា បពិត្រព្រះគោតម ទ្រង់មានព្រះបញ្ញាដូចផែនដី ខ្ញុំសូម ក្រាបទូលសួរព្រះអង្គ បុគ្គលដែលចេញចាកផ្ទះ ចូលមកកាន់ ផ្នួសក្តី ឬក៏ពួកឧបាសកមានផ្ទះក្តី ប្រតិបត្តិដូចម្តេច ទើបហៅ ថា សាវ័កល្អ ។ ព្រះអង្គជ្រាបច្បាស់នូវគតិផង នូវដំណើរទៅខាងនាយ ( ចាក គភ៌ ) ផង របស់សត្វលោក ព្រមទាំងទេវលោក បុគ្គល ជាអ្នកឃើញសេចក្តីល្អិត ស្មើដោយព្រះអង្គមិនមានឡើយ អ្នក ប្រាជទាំងឡាយ តែងពោលសរសើរព្រះអង្គថា ជាព្រះពុទ្ធ ដ៏ប្រសើរ ។ ព្រះអង្គបានត្រាស់ដឹងហើយ ទ្រង់អនុគ្រោះពួកសត្វ ទ្រង់ ប្រកាសញាណ និងធម៌ទាំងពួង បពិត្រព្រះអង្គទ្រង់មានចក្ខុ គឺ ប្រាជ្ញាជុំវិញ ព្រះអង្គជាបុគ្គលមានកិលេសគ្រឿងប្រក់បើកចេញ ហើយ មិនមានមន្ទិល រុងរឿងក្នុងលោកទាំងពួង ។ ស្តេចដំរីឈ្មោះឯរាវ័ណ បានឮថា ព្រះមានព្រះភាគ ទ្រង់ ឈ្នះនូវបាបធម៌ហើយ ក៏ទៅក្នុងសំណាក់នៃព្រះអង្គ ស្តេចដំរីនោះ ប្រឹក្សានឹងព្រះអង្គ ហើយបានសម្រេចមគ្គផល បានស្តាប់ធម៌ មានចិត្តត្រេកអរ ( អនុមោទនា ) ថា សាធុ ។ សូម្បីស្តេចឈ្មោះវេស្សវណកុវេរៈ ចូលទៅរកព្រះអង្គ ក៏ សាកសួរនូវធម៌ លុះស្តេចនោះសួរហើយ ព្រះអង្គក៏បានព្យាករ ស្តេចនោះលុះបានស្តាប់ ក៏មានចិត្តត្រេកអរ ។