អដ្ឋកថា ធម្មិកសូត្រទី ១៤

ក្បាលទី 38 · ទំព័រ 167

ក្នុងធម្មិកសូត្រទី ១៤ មានពាក្យផ្តើមថា ឯវម្មេ សុតំ ដូច្នេះ ។ សួរថា អត្ថុប្បត្តិហេតុនៃសូត្រនេះដូចម្តេច ឆ្លើយថា សូត្រនេះ មាន អត្ថុប្បត្តិហេតុដូច្នេះ បានឮថា កាលព្រះមានព្រះភាគជាលោកនាថ ទ្រង់តាំង នៅ មានឧបាសកឈ្មោះធម្មិក ដោយឈ្មោះ និងដោយបដិបត្តិ ។ បានឮថា ធម្មិកឧបាសកនោះ ជាអ្នកដល់នូវព្រះរតនត្រ័យជាសរណៈ បរិបូរដោយសីល ជាពហូសូត ទ្រទ្រង់ព្រះត្រៃបិដក ជាអនាគាមី បាននូវអភិញ្ញា ត្រាច់ទៅក្នុង អាកាសបាន ។ ធម្មិកឧបាសកនោះ មានឧបាសក ៥០០ ជាបរិវារ ឧបាសក ទាំងនោះក៏មានសភាពដូច្នោះដូចគ្នា ។ ថ្ងៃមួយ ធម្មិកឧបាសករក្សាឧបោសថហើយ ទៅក្នុងទីស្ងាត់ ពួនសម្ងំ ខាងចុងនៃមជ្ឈិមយាម ក៏មានបរិវិតក្កយ៉ាងនេះថា ណ្ហើយចុះ អញគួរទូល សួរបដិបទារបស់អ្នកគ្រប់គ្រងផ្ទះ និងរបស់អ្នកបួស ។ ឧបាសកចោមរោម ដោយឧបាសក ៥០០ ចូលទៅគាល់ព្រះមានព្រះភាគ ហើយទូលសួរសេចក្តី នោះ ព្រះមានព្រះភាគទ្រង់ឆ្លើយបញ្ញាដល់ឧបាសកនោះ ។ ពាក្យពណ៌នាខាងដើម ក្នុងព្រះសូត្រនេះ អ្នកសិក្សាគប្បីជ្រាបដោយ ន័យដូចពោលហើយនោះឯង ខ្ញុំនឹងពណ៌នាពាក្យដែលមិនធ្លាប់ពោល ។ ក្នុងបទទាំងនោះ គប្បីជ្រាបវិនិច្ឆ័យក្នុងគាថាទី ១ សិន ។ បទថា កថង្ករោ គឺធ្វើដូចម្តេច បដិបត្តិដូចម្តេច ។ បទថា សាធុ ហោតិ បានដល់ ជាបុគ្គលល្អ ជាអ្នកមិនមានទោស ជាអ្នកញ៉ាំងប្រយោជន៍ឲ្យ សម្រេច ។ បទថា ឧបសកាសេ មានអត្ថស្មើគ្នានឹងឧបាសកនោះឯង ។ បទដ៏សេស តាមសព្ទជាក់ច្បាស់ហើយ ។