សុភាសិតសូត្រទី ៣

ក្បាលទី 38 · ទំព័រ 222

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ គ្រា នោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ វាចាដែលប្រកបដោយ អង្គ ៤ ឈ្មោះថាជាសុភាសិត មិនមែនជាទុព្ភាសិតឡើយ ជាវាចាមិន មានទោសផង ដែលពួកវិញ្ញូជនមិនគប្បីតិះដៀលផង ។ ប្រកបដោយអង្គ ៤ តើដូចម្តេច ។ គឺបុគ្គលក្នុងលោកនេះ និយាយតែវាចាជាសុភាសិត មិន និយាយវាចាជាទុព្ភាសិត ១ និយាយវាចាជាធម៌តែម្យ៉ាង មិននិយាយវាចា មិនមែនជាធម៌ ១ និយាយតែវាចាគួរស្រឡាញ់ មិននិយាយវាចា ដែលមិន គួរស្រឡាញ់ ១ និយាយតែវាចាពិត មិននិយាយវាចាឡេះឡោះ ១ ។ ម្នាល ភិក្ខុទាំងឡាយ វាចាប្រកបដោយអង្គ ៤ នេះឯង ឈ្មោះថាជាសុភាសិត មិន មែនជាទុព្ភាសិតឡើយ ជាវាចាមិនមានទោសផង ដែលពួកវិញ្ញូជនមិនគប្បីតិ ះដៀលផង ។ ព្រះមានព្រះភាគ បានត្រាស់នូវសូត្រនេះ លុះព្រះសុគតជាសាស្តាទ្រង់ ត្រាស់នូវសូត្រនេះហើយ ទ្រង់ត្រាស់នូវគាថាព័ន្ធនេះ ក្នុងលំដាប់តទៅថា ពួកសប្បុរសបានពោល នូវវាចាជាសុភាសិតដ៏ឧត្តម ( នោះជាទី ១ ) ពោលនូវវាចាជាធម៌ មិនពោលនូវវាចា មិនមែនជា ធម៌ នោះជាទី ២ ពោលវាចាគួរស្រឡាញ់ មិនពោលវាចា ដែលមិនគួរស្រឡាញ់ នោះជាទី ៣ ពោលពាក្យពិត មិនពោល ពាក្យឡេះឡោះ នោះជាទី ៤ ។