មាឃសូត្រទី ៥

ក្បាលទី 38 · ទំព័រ 270

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅនាភ្នំគិជ្ឈកូដ ជិតក្រុងរាជគ្រឹះ ។ គ្រានោះ មាឃមាណពបានចូលទៅ គាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបបង្គំទូលសំណេះសំណាល ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យគួររីករាយ គួររពឫកហើយ ក៏ អង្គុយក្នុងទីសមគួរ មាឃមាណព លុះអង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំ ទូលព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចម្រើន ខ្ញុំព្រះអង្គជាទាយក ជាទានបតី អ្នកដឹងនូវពាក្យពេចន៍ ( របស់ស្មូម ) អ្នកគួរគេសូមបាន ស្វែងរក នូវភោគៈទាំងឡាយតាមធម៌ លុះខ្ញុំព្រះអង្គស្វែងរកភោគៈទាំងឡាយតាមធម៌ បានហើយ ( ក៏យក ) នូវភោគៈទាំងឡាយ ដែលបានមកតាមធម៌ សម្រេចមកតាមធម៌នោះ ឲ្យដល់បុគ្គលម្នាក់ខ្លះ ឲ្យដល់បុគ្គលពីរនាក់ខ្លះ ឲ្យ ដល់បុគ្គល ៣ នាក់ខ្លះ ឲ្យដល់បុគ្គល ៤ នាក់ខ្លះ ឲ្យដល់បុគ្គល ៥ នាក់ខ្លះ ឲ្យដល់បុគ្គល ៦ នាក់ខ្លះ ឲ្យដល់បុគ្គល ៧ នាក់ខ្លះ ឲ្យដល់បុគ្គល ៨ នាក់ ខ្លះ ឲ្យដល់បុគ្គល ៩ នាក់ខ្លះ ឲ្យដល់បុគ្គល ១០ នាក់ខ្លះ ឲ្យដល់បុគ្គល ២០ នាក់ខ្លះ ឲ្យដល់បុគ្គល ៣០ នាក់ខ្លះ ឲ្យដល់បុគ្គល ៤០ នាក់ខ្លះ ឲ្យ ដល់បុគ្គល ៥០ នាក់ខ្លះ ឲ្យដល់បុគ្គលមួយរយនាក់ខ្លះ ឲ្យដល់បុគ្គលច្រើន ជាងនោះខ្លះ បពិត្រព្រះគោតមដ៏ចម្រើន កាលខ្ញុំព្រះអង្គឲ្យយ៉ាងនេះ បូជា យ៉ាងនេះ តើបានបុណ្យច្រើនដែរឬ ។ ព្រះមានព្រះភាគទ្រង់ត្រាស់ថា អើ មាណព កាលបើអ្នកឲ្យយ៉ាងនេះ បូជាយ៉ាងនេះ រមែងបានបុណ្យច្រើន ។