អដ្ឋកថា មាឃសូត្រទី ៥

ក្បាលទី 38 · ទំព័រ 277

ក្នុងមាឃសូត្រទី ៥ មានពាក្យផ្តើមថា ឯវម្មេ សុតំ ដូច្នេះ។ សួរថា ព្រះសូត្រនេះ មានអត្ថុប្បត្តិហេតុដូចម្តេច ឆ្លើយថា អត្ថុប្បត្តិហេតុ លោកពោលហើយ ក្នុងនិទាននៃមាឃសូត្រនោះឯង ។ មានរឿងសង្ខេបថា មាឃមាណពនេះ ជាទាយក ជាទានបតី គាត់ មានបរិវិតក្កថា ទានដែលឲ្យដល់មនុស្សកំព្រា និងអ្នកដំណើរដែលមកដល់ ជាទានដែលមានផលច្រើន ឬមិនមានផលច្រើនហ្ន៎ អញនឹងទូលសួរសេចក្តី នេះនឹងព្រះសមណគោតម ព្រោះបានឮថា ព្រះសមណគោតម ទ្រង់ជ្រាប អតីត អនាគត និងបច្ចុប្បន្ន ទើបចូលទៅសួរព្រះមានព្រះភាគ ។ ព្រះមាន ព្រះភាគទ្រង់ព្យាករសមគួរដល់ពាក្យសួររបស់គាត់ សូត្រនេះសរុបពាក្យទាំង ៣ គឺពាក្យរបស់សង្គីតិកាចារ្យ ព្រាហ្មណ៍ និងព្រះមានព្រះភាគ ហៅថា មាឃសូត្រ ។ ក្នុងបទទាំងនោះ បទថា រាជគហេ គឺក្នុងនគរមានឈ្មោះយ៉ាងនោះ ។ នគរនោះ ហៅថា រាជគ្រឹះ ព្រោះព្រះបាទមន្ធាតុ និងមហាគោវិន្ទគ្រប់គ្រង ។ អាចារ្យពួកដទៃពណ៌នាក្នុងទំនងដទៃអំពីនេះក៏មាន ។ លោកពណ៌នាដូចម្តេច លោកពណ៌នាថា ពាក្យថា រាជគ្រឹះនេះ ជាឈ្មោះរបស់នគរនោះ នគរនោះ ជានគរដែលមានក្នុងកាលដែលព្រះពុទ្ធកើតឡើង និងក្នុងកាលដែលស្តេច ចក្រពត្តិកើតឡើងបុណ្ណោះ ក្នុងកាលដ៏សេស ជានគរទទេ ត្រូវយក្ខគ្រប់គ្រង ជាព្រៃ ជាទីលំនៅនៃយក្ខទាំងនោះ ។ ព្រះអានន្ទសម្តែងដល់គោចរគ្រាម យ៉ាងនេះហើយ ទើបពោលដល់ទីគង់ថា គិជ្ឈកូដេ បព្វតេ ដូច្នេះ ។ គប្បី ជ្រាបថា ត្មាតរស់នៅលើកំពូលភ្នំនោះ ឬកំពូលភ្នំនោះ មានសណ្ឋានដូចត្មាត ទើបឈ្មោះថា គិជ្ឈកូដ ដូច្នេះ ។ ក្នុងបទថា អថ ខោ ។ បេ ។ អវោច មានវិនិច្ឆ័យដូចតទៅនេះ បទថា មាឃ ជាឈ្មោះរបស់ព្រាហ្មណ៍នោះ លោកហៅថា មាណព ព្រោះជា អ្នកអាស្រ័យខាងក្នុងសម្នាក់ ។