សភិយសូត្រទី ៦
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ ។ សម័យ នោះឯង ទេវតាជាសាលោហិតពីដើម របស់បរិព្វាជកឈ្មោះសភិយៈ បាន សម្តែងឡើងនូវប្រស្នាទាំងឡាយថា ម្នាលសភិយៈ សមណៈ ឬព្រាហ្មណ៍ណា ដែលអ្នកសួរប្រស្នាទាំងនេះហើយ ឆ្លើយរួច អ្នកត្រូវប្រព្រឹត្តព្រហ្មចារ្យក្នុង សម្នាក់នៃសមណៈ ឬព្រាហ្មណ៍នោះចុះ ។ គ្រានោះ សភិយបរិព្វាជក រៀន ប្រស្នាទាំងឡាយក្នុងសម្នាក់ទេវតានោះ ទើបចូលទៅរកពួកសមណព្រាហ្មណ៍ ជាអ្នកមានពួក មានក្រុម ( ប្តេជ្ញាខ្លួនថាជាសព្វញ្ញុសាស្តា ) ជាគណាចារ្យ ដែលអ្នកផងធ្លាប់ស្គាល់ ជាអ្នកមានយស ធ្វើនូវកំពង់ គឺទិដ្ឋិដែលជនច្រើន គ្នាសន្មតថា ជាសប្បុរស គឺគ្រូឈ្មោះបូរណកស្សប ឈ្មោះមក្ខលិគោសាល ឈ្មោះអជិតកេសកម្ពល ឈ្មោះបកុទ្ធកច្ចាយនៈ ឈ្មោះសញ្ជយវេឡដ្ឋបុត្ត ឈ្មោះនិគន្ថនាដបុត្ត ហើយសួរប្រស្នាទាំងនោះ ។ គ្រូទាំងនោះ លុះត្រូវ សភិយបរិព្វាជក សួរប្រស្នាទាំងឡាយ ក៏ឆ្លើយមិនរួច កាលបើឆ្លើយមិន រួច ក៏ធ្វើនូវសេចក្តីក្រោធ ប្រទូស្តអាក់អន់ចិត្តឲ្យប្រាកដឡើង រួចក៏សួរត្រឡប់ ទៅរកសភិយបរិព្វាជកវិញ ។ គ្រានោះ សភិយបរិព្វាជក មានសេចក្តីត្រិះរិះ យ៉ាងនេះថា សមណព្រាហ្មណ៍ទាំងឡាយដ៏ចម្រើនណា ជាអ្នកមានពួក មាន ក្រុម ជាគណាចារ្យដែលអ្នកផងធ្លាប់ស្គាល់ ជាអ្នកមានយស ធ្វើនូវកំពង់ គឺ ទិដ្ឋិ ដែលជនច្រើនគ្នាសន្មតថា ជាសប្បុរស គឺគ្រូឈ្មោះបូរណកស្សបៈ បេ ។