សេលសូត្រទី ៧

ក្បាលទី 38 · ទំព័រ 336

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់ពុទ្ធដំណើរទៅកាន់ចារិក ក្នុងអង្គុត្តរាបជនបទ ជាមួយនឹងភិក្ខុសង្ឃច្រើន រូប គឺភិក្ខុមួយពាន់ពីររយហាសិប ( ១២៥០ ) យាងសំដៅទៅនិគមឈ្មោះ អាបណៈ របស់ពួកអ្នកអង្គុត្តរាបជនបទ ។ កេណិយជដិល បានឮដំណឹងថា ព្រះសមណគោតម ជាសក្យបុត្ត ចេញចាកសក្យត្រកូល ទ្រង់ព្រះផ្នួស កំពុង ធ្វើពុទ្ធដំណើរមកកាន់ចារិក ក្នុងអង្គុត្តរាបជនបទ ជាមួយនឹងភិក្ខុសង្ឃច្រើន រូប គឺភិក្ខុមួយពាន់ពីររយហាសិប មកដល់និគមឈ្មោះអាបណៈហើយ ។ កិត្តិសព្ទដ៏ពីរោះ របស់ព្រះគោតមដ៏ចម្រើននោះ ឮខ្ចរខ្ចាយសុះសាយយ៉ាងនេះ ថា ព្រះមានព្រះភាគនោះ ព្រះអង្គឆ្ងាយចាកសេចក្តីសៅហ្មងគ្រប់យ៉ាង ព្រះអង្គ ត្រាស់ដឹងនូវញេយ្យធម៌ទាំងពួង ដោយប្រពៃចំពោះព្រះអង្គ ព្រះអង្គបរិបូណ៌ ដោយវិជ្ជា និងចរណៈ គឺសេចក្តីចេះដឹង និងក្រឹត្យ ដែលបុគ្គលគប្បីប្រព្រឹត្ត ព្រះអង្គមានដំណើរល្អទៅកាន់ព្រះនិព្វាន ព្រះអង្គជ្រាបច្បាស់នូវត្រៃលោក ព្រះអង្គ ប្រសើរដោយសីលាទិគុណ រកបុគ្គលណាមួយស្មើគ្មាន ព្រះអង្គជាអ្នក ទូន្មាននូវបុរស ដែលគួរទូន្មានបាន ព្រះអង្គជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គបានត្រាស់ដឹងនូវសច្ចធម៌ ព្រះអង្គលែងវិលត្រឡប់មកកាន់ភពថ្មីទៀត ព្រះមានព្រះភាគនោះ ព្រះអង្គបានធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ឧត្តម ដោយ ព្រះអង្គ ហើយញ៉ាំងលោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ញ៉ាំងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និង