សល្លសូត្រទី ៨
( សេចក្តីថា ព្រះមានព្រះភាគ ទ្រង់សម្តែងសល្លសូត្រ នេះ ) ថា ជីវិតរបស់សត្វទាំងឡាយ ក្នុងលោកនេះ មិនមាន កំណត់ មិនមានអ្នកណាមួយអាចដឹងបាន ជីវិតនោះ ជារបស់ ក្រផង តិចផង ប្រកបដោយសេចក្តីទុក្ខផង ។ ពួកសត្វដែល កើតហើយ រមែងមិនស្លាប់ ដោយសេចក្តីព្យាយាមណា សេចក្តី ព្យាយាមនោះមិនមានឡើយ កាលដល់នូវសេចក្តីគ្រាំគ្រាហើយ ស្លាប់តែងមាន ព្រោះពួកសត្វទាំងឡាយ មានយ៉ាងនេះ ជាធម្មតា ។ ផ្លែឈើទាំងឡាយដែលទុំហើយ តែងមានភ័យអំពី ការជ្រុះ ក្នុងពេលព្រឹក យ៉ាងណាមិញ សត្វទាំងឡាយដែល កើតហើយ តែងមានសេចក្តីភ័យ អំពីសេចក្តីស្លាប់ អស់កាល ជានិច្ច យ៉ាងនោះដែរ ។ ភាជន៍ដីទាំងឡាយ ដែលស្មូនឆ្នាំង ធ្វើហើយ ភាជន៍ទាំងអស់នោះ សុទ្ធតែមានកិរិយាបែកជាទីបំផុត យ៉ាងណាមិញ ជីវិតរបស់សត្វទាំងឡាយ ក៏យ៉ាងនោះ ដែរ ។ ពួកជនណា ក្មេងក្តី ចាស់ក្តី ពាលក្តី បណ្ឌិតក្តី ពួក ជនទាំងអស់នោះ តែងលុះក្នុងអំណាចនៃមច្ចុ ពួកជនទាំងអស់ មានមច្ចុនៅស្ទាក់ខាងមុខ ។ កាលពួកជនទាំងនោះ ត្រូវមច្ចុ គ្របសង្កត់ហើយ កាលទៅក្នុងបរលោក បិតាការពារបុត្តមិន បាន ឬពួកញាតិក៏ការពារញាតិមិនបាន ។ អ្នកចូរមើលនូវការ រៀបរាប់ជាច្រើនរបស់ពួកញាតិ ដែលកំពុងអាឡោះអាល័យ បណ្តាសត្វទាំងឡាយ សត្វតែម្នាក់ៗ ដែលត្រូវមច្ចុនាំទៅ ដូចជា គោត្រូវគេសម្លាប់ សត្វលោកត្រូវមច្ចុ និងជរា គ្របសង្កត់ ហើយ យ៉ាងនេះ ព្រោះហេតុនោះ អ្នកប្រាជទាំងឡាយ រមែង មិនសោកស្តាយឡើយ ព្រោះដឹងច្បាស់នូវបរិយាយនៃសត្វលោក ។