អដ្ឋកថា សល្លសូត្រទី ៨
ក្នុងសល្លសូត្រទី ៨ មានពាក្យផ្តើមថា អនិមិត្តំ ដូច្នេះ ។ សួរថា ព្រះសូត្រនេះ មានអត្ថុប្បត្តិហេតុដូចម្តេច ឆ្លើយថា ព្រះសូត្រ នេះ មានអត្ថុប្បត្តិហេតុដូចតទៅនេះ បានឮថា ឧបាសកម្នាក់ ជាឧបដ្ឋាករបស់ព្រះមានព្រះភាគ បុត្តរបស់ ឧបដ្ឋាកនោះ បានធ្វើអនិច្ចកម្ម គាត់ត្រូវសេចក្តីសោកព្រោះបុត្តគ្របសង្កត់ ធ្វើនូវការអត់អាហារអស់ ៧ ថ្ងៃ ព្រះមានព្រះភាគ កាលទ្រង់អនុគ្រោះ ទើបយាងទៅកាន់ផ្ទះឧបាសកនោះ ដើម្បីបន្ទោបង់សេចក្តីសោក ទើបត្រាស់ សូត្រនេះ ។ ក្នុងបទទាំងនោះ បទថា អនិមិត្តំ បានដល់ វៀរគ្រឿងសម្គាល់ គឺ កិរិយាអាការ ។ ដូចមានគ្រឿងសម្គាល់ គឺកិរិយាអាការក្នុងបទជាដើមថា ខ្ញុំ នឹងប៉ប្រិចភ្នែក ឬក៏ញាក់ចិញ្ចើម ចូរអ្នកលួចទ្រព្យនោះ ដោយសញ្ញានោះ យ៉ាងណា ក្នុងជីវិតមិនដូច្នោះឡើយ បុគ្គលណាម្នាក់មិនអាចបាន ( តាម ពាក្យសូម ) ថា ចូរអ្នករស់នៅសិន កុំអាលស្លាប់ ទម្រាំខ្ញុំធ្វើវត្ថុនោះហើយ ។ បទថា អនញ្ញាតំ គឺដែលបុគ្គលណាម្នាក់ មិនអាចដឹងដោយពិតប្រាកដថា បុគ្គលនេះ រស់នៅអស់កាលបុណ្ណេះៗ ដោយគតិ ឬទីបំផុតនៃអាយុ ដូចជា អាយុរបស់ទេវតាជាន់ចាតុម្មហារាជិកាជាដើមកំណត់បាន អាយុរបស់សត្វ ទាំងឡាយ មិនដូច្នោះឡើយ ដោយហេតុនេះ ទើបជីវិតនៃសត្វទាំងឡាយ បុគ្គលណាម្នាក់ដឹងមិនបានដោយពិត ។ បទថា កសិរំ គឺលំបាក ព្រោះការ ប្រព្រឹត្តទៅ ទាក់ទងដោយបច្ច័យច្រើនយ៉ាង មិនមែនប្រព្រឹត្តទៅបានដោយ ងាយឡើយ ។ សេចក្តីពិតយ៉ាងនោះ ជីវិតទាក់ទងដោយខ្យល់ដង្ហើមចេញ ចូល ទាក់ទងដោយមហាភូតរូប ទាក់ទងដោយកវឡិង្ការាហារ ទាក់ទងដោយ ភ្លើងធាតុ និងទាក់ទងដោយវិញ្ញាណ ។ កាលមិនដកដង្ញើមចេញចូល ក៏រស់ នៅមិនបាន ។