វាសេដ្ឋសូត្រទី ៩
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងដងព្រៃឈ្មោះឥច្ឆានង្គលៈ ជិតស្រុកឈ្មោះឥច្ឆានង្គលៈ ។ សម័យនោះឯង ពួកព្រាហ្មណមហាសាលជាច្រើន មានឈ្មោះល្បីល្បាញ អាស្រ័យនៅក្នុងស្រុកឈ្មោះឥច្ឆានង្គលៈ គឺចង្កីព្រាហ្មណ៍ តារុក្ខព្រាហ្មណ៍ បោក្ខរសាតិព្រាហ្មណ៍ ជាណុស្សោណិព្រាហ្មណ៍ តោទេយ្យព្រាហ្មណ៍ និង ពួកព្រាហ្មណមហាសាលឯទៀត ដែលមានឈ្មោះល្បីល្បាញ ។ គ្រានោះ វាសេដ្ឋមាណព និងភារទ្វាជមាណពកំពុងដើរទៅដើរមកសម្រាកស្មង ក៏កើត អន្តរាកថានេះឡើងថា ម្នាលគ្នាយើង បុគ្គលឈ្មោះថាជាព្រាហ្មណ៍ តើដោយ ប្រការដូចម្តេច ។ ភារទ្វាជមាណពនិយាយយ៉ាងនេះថា ម្នាលអ្នកដ៏ចម្រើន បុគ្គលដែលមានកំណើតល្អទាំងពីរចំណែក គឺខាងមាតា និងខាងបិតា ជាអ្នក កើតក្នុងផ្ទៃរបស់ព្រាហ្មណីដែលបរិសុទ្ធ ដរាបអំពីគូនៃជីដូនជីតា ៧ តំណមក មិនមានអ្នកណាពោលទោសតិះដៀល ដោយការពោលអំពីជាតិបាន ម្នាល អ្នកដ៏ចម្រើន បុគ្គលបានឈ្មោះថាព្រាហ្មណ៍ ដោយហេតុបុណ្ណេះឯង ។ វាសេដ្ឋមាណពនិយាយយ៉ាងនេះថា ម្នាលអ្នកដ៏ម្រើន លុះតែបុគ្គលមាន សីលផង បរិបូណ៌ដោយវត្តផង ម្នាលអ្នកដ៏ចម្រើន បុគ្គលនោះ ទើប ហៅថា ព្រាហ្មណ៍ ដោយហេតុប៉ុណ្ណេះឯង ។ ភារទ្វាជមាណព មិនអាច ញ៉ាំងវាសេដ្ឋមាណពឲ្យយល់ឃើញបាន ទាំងវាសេដ្ឋមាណព ក៏មិនអាច ញ៉ាំងភារទ្វាជមាណពឲ្យយល់ឃើញបាន ។ គ្រានោះ វាសេដ្ឋមាណពហៅ ភារទ្វាជមាណពថា ម្នាលភារទ្វាជៈដ៏ចម្រើន ព្រះសមណគោតមនេះ ជា សក្យបុត្ត ចេញចាកសក្យត្រកូល ទ្រង់ព្រះផ្នួស ( ឥឡូវនេះ ) គង់នៅក្នុង ដងព្រៃឥច្ឆានង្គលៈ ជិតស្រុកឈ្មោះឥច្ឆានង្គលៈ កិត្តិសព្ទដ៏ពីរោះរបស់ព្រះគោតម ដ៏ចម្រើននោះ ខ្ចរខ្ចាយសុះសាយទៅយ៉ាងនេះថា ព្រះមានព្រះភាគ អង្គ