នាលកសូត្រទី ១១
អសិតឥសី សម្រាកនៅក្នុងទិវាវិហារ បានឃើញនូវ ពួកទេវតាជាន់តាវត្តិង្ស មានសេចក្តីសោមនស្ស រីករាយផង នូវសក្កទេវរាជជាធំជាងទេវតាផង នូវពួកទេវតាដែលស្លៀក សំពត់ស្អាតផង កាន់នូវសំពត់ហើយ សរសើរក្រៃពេក ។ លុះឃើញទេវតា ( ទាំងនោះ ) មានចិត្តរីករាយ មានចិត្តខ្ពស់ ឡើង ក៏ធ្វើនូវសេចក្តីអើពើ សួរដូច្នេះថា ពួកទេវតាក្នុងជាន់ តាវត្តិង្សនោះ មានសភាពរីករាយក្រៃពេក ព្រោះហេតុអ្វី អ្នក ទាំងឡាយ កាន់សំពត់ត្រេកអរ ព្រោះអាស្រ័យហេតុអ្វី ។ ( អសិតឥសីដឹងថា ) ក្នុងវេលាណា មានសង្រ្គាមជាមួយពួក អសុរ ជ័យជម្នះមានដល់ពួកទេវតា ពួកអសុរចាញ់ក្នុងវេលា នោះ ពួកទេវតាក៏មិនមានការព្រឺរោម ប្រាកដដូច្នោះឡើយ ពួក ទេវតាត្រេកអររីករាយ ព្រោះឃើញនូវហេតុចម្លែកដូចម្តេច ។ ពួកទេវតាហួចផង ច្រៀងផង ប្រគំផង ទះដៃទាំងសងខាងផង រាំផងថា នែទេវតាទាំងឡាយ ជាបុគ្គលនិទ៌ុក្ខ ខ្ញុំសួរអ្នកទាំងឡាយ ដែលនៅលើកំពូលភ្នំមេរុ គឺជាន់តាវត្តិង្ស ( នេះ ) សូមអ្នកទាំងឡាយ បន្ទោបង់សេចក្តីសង្ស័យ របស់ខ្ញុំដោយ ឆាប់ ។ ( ពួកទេវតាតបថា ) ពោធិសត្វនោះ ដូចជាកែវដ៏ ប្រសើរ ឥតមានអ្វីនឹងផ្ទឹមបាន ទ្រង់កើតក្នុងព្រៃលុម្ពិនីវ័ន ក្នុង ជនបទជាស្រុករបស់ពួកសក្យៈ ក្នុងមនុស្សលោក ដើម្បីជា ប្រយោជន៍ និងសេចក្តីសុខ ព្រោះហេតុនោះ បានជាយើងខ្ញុំ មានសេចក្តីត្រេកអរ មានសភាពរីករាយក្រៃពេក ។ ពោធិសត្វនោះ ប្រសើរជាងសព្វសត្វ ( ទេវតា និងមនុស្ស ) ជា អគ្គបុគ្គល ជានរៈអង់អាច ឧត្តមជាងពួកសត្វទាំងអស់ អាច ញ៉ាំងចក្កឲ្យប្រព្រឹត្តទៅ ក្នុងព្រៃឥសិបតនមិគទាយវ័ន ដូចសត្វ សីហៈ ជាសត្វមានកម្លាំង គ្របសង្កត់នូវពួកម្រឹគ បន្លឺសីហនាទដែរ ។