អដ្ឋកថា នាលកសូត្រទី ១១

ក្បាលទី 38 · ទំព័រ 469

ក្នុងនាឡកសូត្រទី ១១ មានពាក្យផ្តើមថា អានន្ទជាតេ ដូច្នេះ សួរថា ព្រះសូត្រនេះ មានអត្ថុប្បត្តិហេតុដូចម្តេច ឆ្លើយថា ព្រះសូត្រ នេះ មានអត្ថុប្បត្តិហេតុដូចតទៅនេះថា បានឮថា តាបសឈ្មោះនាឡកៈ ជា ក្មួយរបស់អសិតឥសី ឃើញសាវ័ករបស់ព្រះមានព្រះភាគព្រះនាមបទុមុត្តរៈ បដិបត្តិមោនេយ្យប្បដិបទា គឺបដិបត្តិដើម្បីភាពជាមុនី ទើបប្រាថ្នាយ៉ាង ក្រៃលែង ដើម្បីមានសភាពយ៉ាងនោះ ចាប់តាំងពីនោះមក បានបំពេញបារមី មួយសែនកប្ប បានទូលសួរមោនេយ្យប្បដិបទាជាមួយនឹងព្រះមានព្រះភាគ ២ គាថាថា អញ្ញាតមេតំ ដូច្នេះ ក្នុងថ្ងៃទី ៧ បន្ទាប់អំពីថ្ងៃដែលព្រះមាន ព្រះភាគ ទ្រង់ញ៉ាំងធម្មចក្រឲ្យប្រព្រឹត្តទៅហើយ ។ ព្រះមានព្រះភាគ ទ្រង់ព្យាករមោនេយ្យប្បដិបទានោះដល់នាឡកតាបស ដោយន័យជាដើមថា មោនេយ្យន្តេ ឧបញ្ញិស្សំ ដូច្នេះ ។ ព្រះមានព្រះភាគ កាលរម្លត់ខន្ធបរិនិព្វានហើយ ព្រះអានន្ទដែលព្រះមហាកស្សបៈធ្វើសង្គាយនា សួរមោនេយ្យប្បដិបទានោះ បំណងនឹងសម្តែងរឿងរ៉ាវទាំងអស់ថា នាឡកតាបសត្រូវអ្នកណាទូន្មាន និងទូន្មានក្នុងកាលណា ទើបទូលសួរព្រះមាន ព្រះភាគឲ្យប្រាកដ ទើបពោលវត្ថុគាថា ២០ មានពាក្យថា អានន្ទជាតេ ដូច្នេះជាដើម ។ លោកហៅរឿងទាំងអស់នោះថា នាឡកសូត្រ ។ ក្នុងបទទាំងនោះ បទថា អានន្ទជាតេ បានដល់ ជាអ្នកកើតនូវការសម្រេច គឺដល់នូវការចម្រើន ។ បទថា បតីតេ គឺត្រេកអរ ។ ម្យ៉ាងទៀត បទថា អានន្ទជាតេ គឺសរសើរ ។ បទថា បតីតេ គឺមានសេចក្តី សោមនស្ស ។ បទថា សុចិវសនេ គឺក្នុងលំនៅដែលមិនសៅហ្មង ពិតហើយ លំនៅរបស់ទេវតាទាំងឡាយ កើតត្រង់ដើមកប្បព្រឹក្ស ទើបមិនប្រឡាក់ធូលី ឬមន្ទិល ។