អដ្ឋកថា កាមសូត្រទី ១

ក្បាលទី 38 · ទំព័រ 538

ក្នុងកាមសូត្រទី ១ នៃអដ្ឋកវគ្គទី ៤ មានពាក្យផ្តើមថា កាមំ កាមយមានស្ស ដូច្នេះ ។ សួរថា ព្រះសូត្រនេះ មានអត្ថុប្បត្តិហេតុដូចម្តេច ឆ្លើយថា ព្រះសូត្រ នេះ មានអត្ថុប្បត្តិហេតុដូចតទៅនេះ បានឮថា កាលព្រះមានព្រះភាគគង់នៅក្នុងក្រុងសាវត្ថី ព្រាហ្មណ៍ម្នាក់ គិតថា អញនឹងព្រោះស្រូវដំណើបជិតស្ទឹងអចិរវតី ក្នុងចន្លោះក្រុងសាវត្ថី និង វត្តជេតពនមហាវិហារ ដូច្នេះហើយ ទើបទៅភ្ជួរស្រែ ។ ព្រះមានព្រះភាគ ចោមរោមដោយភិក្ខុសង្ឃ ចូលទៅបិណ្ឌបាត ឃើញព្រាហ្មណ៍នោះ ទ្រង់ អាវជ្ជនៈឃើញថា ស្រូវដំណើបរបស់ព្រាហ្មណ៍នេះនឹងអន្តរាយ ដូច្នេះហើយ ទើបទ្រង់ពិចារណាដល់ឧបនិស្ស័យសម្បត្តិរបស់ព្រាហ្មណ៍នោះតទៅ ទ្រង់ ឃើញឧបនិស្ស័យនៃសោតាបត្តិមគ្គរបស់ព្រាហ្មណ៍នោះ ទ្រង់ពិចារណាថា ព្រាហ្មណ៍នឹងសម្រេចកាលណា ទ្រង់ដឹងថា កាលស្រូវវិនាស ព្រាហ្មណ៍ ត្រូវសេចក្តីសោកគ្របសង្កត់ ស្តាប់ធម្មទេសនាហើយ ( នឹងសម្រេច ) ។ ទ្រង់ត្រិះរិះបន្តថា បើតថាគតចូលទៅរកព្រាហ្មណ៍ ក្នុងពេលនោះតែម្តង ព្រាហ្មណ៍នឹងមិនសម្គាល់ឱវាទរបស់តថាគតថាគួរស្តាប់ ព្រោះព្រាហ្មណ៍ទាំងឡាយ គាប់ចិត្តផ្សេងៗ គ្នា ណ្ហើយចុះ តថាគតនឹងសង្គ្រោះចាប់ពីពេលនេះតែ ម្តង ព្រាហ្មណ៍នឹងមានចិត្តទន់យ៉ាងនេះ ក៏នឹងស្តាប់ឱវាទរបស់តថាគត ដូច្នេះ ហើយ ទើបទ្រង់យាងទៅរកព្រាហ្មណ៍ សួរថា ម្នាលព្រាហ្មណ៍ អ្នកធ្វើអ្វី ។ ព្រាហ្មណ៍គិតថា ព្រះសមណគោតមមានត្រកូលខ្ពស់ គង់ធ្វើបដិសណ្ឋារៈ ជាមួយអញ ទើបមានចិត្តជ្រះថ្លាក្នុងព្រះមានព្រះភាគ រំពេចនោះឯង ក្រាប ទូលថា បពិត្រព្រះគោតម ខ្ញុំព្រះអង្គកំពុងភ្ជួរស្រែដើម្បីព្រោះស្រូវដំណើប ។