អដ្ឋកថា គុហដ្ឋកសូត្រទី ២
ក្នុងគុហដ្ឋកសូត្រទី ២ មានពាក្យផ្តើមថា សត្តោ គុហាយំ ដូច្នេះ ។ សួរថា ព្រះសូត្រនេះ មានអត្ថុប្បត្តិហេតុដូចម្តេច ឆ្លើយថា ព្រះសូត្រ នេះ មានអត្ថុប្បត្តិហេតុដូចតទៅនេះ ព្រះមានព្រះភាគ កាលគង់នៅក្នុងនគរសាវត្ថី ព្រះ បិណ្ឌោលភារទ្វាជៈបានទៅកាន់ព្រះរាជឧទ្យាន ឈ្មោះអាវដ្តកៈ របស់ព្រះបាទ ឧទេន ប្របឆ្នេរស្ទឹងគង្គា ក្នុងក្រុងកោសម្ពី ។ ម្យ៉ាងទៀត ព្រះបិណ្ឌោលភារទ្វាជៈនេះ ក្នុងកាលដទៃ ធ្លាប់ចូលទៅសម្រាកត្រង់ព្រះរាជឧទ្យាននោះរឿយៗ ដូចព្រះគវម្បតិត្ថេរ ទៅសម្រាកក្នុងតាវត្តិង្សភព ដូច្នោះ សេចក្តីនេះ មាន ន័យដូចពោលហើយ ក្នុងអដ្ឋកថាវង្គីសសូត្រ ។ ព្រះបិណ្ឌោលភារទ្វារជៈនោះ អង្គុយសម្រាកពេលថ្ងៃ សម្ងំក្នុងសមាបត្តិ ត្រង់គល់ឈើ ដែលមានម្លប់ ត្រជាក់ ក្បែរឆ្នេរស្ទឹងគង្គានោះ ។ ក្នុងថ្ងៃនោះ ព្រះបាទឧទេនយាងទៅប្រពាតព្រះរាជឧទ្យាន ទ្រង់ត្រេកអរ ក្នុងព្រះរាជឧទ្យាន ដោយការដេញដំប្រគំកូតជាដើមអស់មួយថ្ងៃ ទ្រង់ស្រវឹង ព្រោះសោយទឹកចណ្ឌច្រើន ផ្ទំកើយភ្លៅរបស់ស្រីស្នំម្នាក់ ស្រីក្រៅពីនោះគិត ថា ព្រះរាជាផ្ទំលក់ហើយ ទើបនាំគ្នាក្រោកទៅបេះផ្កា និងផ្លែឈើជាដើមក្នុង ព្រះរាជឧទ្យាន កាលឃើញព្រះថេរៈ ក៏កើតហិរិឱត្តប្បៈ ហាមគ្នាថា ពួកយើង កុំធ្វើមាត់ខ្លាំង ចូលទៅសន្សឹមៗ ថ្វាយបង្គំហើយ អង្គុយចោមរោមព្រះថេរៈ ព្រះថេរៈចេញអំពីសមាបត្តិ សម្តែងធម៌ដល់ស្រីទាំងនោះ ។ ស្រីទាំងនោះក៏ ត្រេកអរ បន្លឺវាចាថា សាធុ សាធុ ហើយអង្គុយស្តាប់ ។ ស្រីស្នំម្នាក់ដែល អង្គុយឲ្យព្រះរាជាកើយភ្លៅ ស្រពន់ភ្លៅ គិតថា ពួកស្រីទាំងនេះចោលអញ ដើរលេងអស់ ក៏កើតសេចក្តីច្រណែនក្នុងស្រីទាំងនោះ ទើបអង្រួនភ្លៅឲ្យព្រះរាជា តើន ។