អដ្ឋកថា ទុដ្ឋដ្ឋកសូត្រទី ៣
ក្នុងទុដ្ឋដ្ឋកសូត្រទី ៣ មានពាក្យផ្តើមថា វទន្តិ វេ ទុដ្ឋមនាបិ ដូច្នេះ ។ សួរថា ព្រះសូត្រនេះ មានអត្ថុប្បត្តិហេតុដូចម្តេច ឆ្លើយថា សូត្រនេះ មានអត្ថុប្បត្តិហេតុដូច្នេះ ព្រះមានព្រះភាគ ត្រាស់ការកើតទុក្ខដោយគាថាដើម ក្នុងសូត្រហើយ ពួកតិរ្ថិយអត់ធន់មិនបាន ដែលឃើញលាភសក្ការៈកើតឡើងដល់ព្រះមាន ព្រះភាគ និងភិក្ខុសង្ឃ ទើបបញ្ជូននាងសុន្ទរីបរិព្វាជិកាទៅ ។ បានឮថា នាងសុន្ទរីបរិព្វាជិកានោះ ជាជនបទកល្យាណី បានជាបរិព្វាជិកា ស្លៀក ដណ្តប់ស ។ នាងងូតទឹក ជម្រះសរីរៈ ហើយតាក់តែងដោយសំពត់ស្អាត និងទ្រទ្រង់នូវផ្កាឈើ ប្រោះព្រំដោយគ្រឿងក្រអូប គ្រឿងលាប ក្នុងវេលាដែល អ្នកក្រុងសាវត្ថីស្តាប់ធម៌របស់ព្រះមានព្រះភាគ ហើយចេញអំពីវត្តជេតពន នាងក៏ចេញអំពីក្រុងសាវត្ថី ធ្វើដំណើរទៅកាន់វត្តជេតពន កាលមហាជនទាំងឡាយសួរថា តើនាងទៅណា នាងក៏ឆ្លើយថា ទៅដើម្បីឲ្យព្រះសមណគោតម និងសាវ័ករបស់ព្រះអង្គអភិរម ហើយដើរឆ្លងខ្លោងទ្វារវត្តជេតពន កាលខ្លោង ទ្វារវត្តជេតពនបិទ ក៏ចូលទៅកាន់ក្រុង លុះភ្លឺឡើង នាងក៏ទៅកាន់វត្តជេតពន ទៀត ដើររេរា ធ្វើដូចជាបេះផ្កាក្បែរព្រះគន្ធកុដិ កាលនាងត្រូវជនទាំងឡាយ ដែលមកឧបដ្ឋាកព្រះសម្ពុទ្ធសួរថា នាងមកធ្វើអ្វី ក៏ឆ្លើយបង្វែរទៅបង្វែរមក យ៉ាងនោះឯង ។ លុះកន្លងទៅកន្លះខែ ពួកតិរ្ថិយក៏សម្លាប់នាងសុន្ទរីបរិព្វា- ជិកាចោល ហើយក៏យកទៅកប់ត្រង់គូទឹក លុះភ្លឺឡើងក៏ធ្វើជាភ្ញាក់ផ្អើលថា ពួកយើងមិនឃើញនាងសុន្ទរី ទើបទៅទូលព្រះរាជា ។ ព្រះរាជាទ្រង់ អនុញ្ញាតហើយ ទើបចូលទៅកាន់វត្តជេតពន ធ្វើដូចជាស្វែងរក ហើយលើក នាងសុន្ទរីឡើងអំពីទីដែលកប់ ដាក់លើគ្រែ នាំទៅកាន់ព្រះនគរ នាំគ្នាជេរ ប្រទេច ។