សុទ្ធដ្ឋកសូត្រទី ៤

ក្បាលទី 38 · ទំព័រ 567

ជនពាលតែងដឹងថា អាត្មាអញឃើញ ( នូវរូប ) ស្អាតប្រសើរ មិនមានរោគ ការស្អាតតែងមានដល់សត្វ ដោយ រូបដែលឃើញហើយ ការដឹងយ៉ាងនេះថា ប្រសើរ ដូច្នេះហើយ ជាអ្នកពិចារណាឃើញរឿយៗ ថាស្អាត រមែងជឿថាជាញាណ ។ ប្រសិនបើការស្អាត មានដល់សត្វ ព្រោះរូបដែលឃើញហើយ មែន សត្វនោះគង់នឹងលះបង់នូវកងទុក្ខ ដោយញាណបាន ឬ សត្វដែលប្រកបដោយឧបធិនោះ គង់នឹងស្អាតដោយមគ្គ មិន ស្អាតដោយគុណដទៃ ព្រោះទិដ្ឋិ រមែងប្រាប់បុគ្គល អ្នកមាន ទិដ្ឋិនោះ ដែលពោលយ៉ាងនោះ ។ ខីណាសវព្រាហ្មណ៍ មិន ពោលសរសើរនូវការស្អាត ត្រង់អារម្មណ៍ដែលបានឃើញ បាន ឮ បានប៉ះពាល់ ឬត្រង់សីល និងវត្ត ជាងអរិយមគ្គញ្ញាណទេ ( លោក ) មិនប្រឡាក់នឹងបុណ្យបាប លះបង់នូវសេចក្តីយល់ ថា ខ្លួនមានធ្វើនូវកម្មក្នុងលោកនេះ ។ ពួកអ្នកសុទ្ធិវាទៈ អ្នក លុះក្នុងអំណាចតណ្ហា លះបង់នូវលទ្ធិមុនហើយ អាស្រ័យនូវ លទ្ធិខាងក្រោយទៀត ពួកសុទ្ធិវាទៈនោះ រមែងឆ្លងនូវកិលេស គ្រឿងជាប់មិនរួចឡើយ សុទ្ធិវាទៈទាំងនោះ តែងកាន់យកខ្លះ លះចោលវិញខ្លះ ដូចពានរចាប់យកមែកឈើ ដែលនៅ ចំពោះមុខ ។ សត្វកាន់យកនូវវត្តទាំងឡាយ ដោយខ្លួនឯង ជាសត្វជាប់ស្អិតក្នុងកាមសញ្ញាហើយ តែងទៅគប់រកគ្រូខ្ពស់ និងទាប អ្នកប្រាជមានបញ្ញាក្រាស់ដូចផែនដី ត្រាស់ដឹងនូវសច្ចធម៌ដោយវេទ គឺមគ្គញ្ញាណទាំង ៤ មិនបានទៅគប់រកគ្រូខ្ពស់ និងទាបឡើយ ។ អ្នកប្រាជ្ញនោះ កម្ចាត់បង់នូវមារសេនាហើយ ឋិតនៅនឹងនួន ក្នុងអារម្មណ៍ទាំងពួង ទោះអារម្មណ៍ដែលឃើញ ដែលឮ ដែលប៉ះពាល់ណាមួយក្តី ( អ្នកណាមួយ ) គប្បី កំណត់នូវអ្នកប្រាជ អ្នកឃើញ ( ដ៏បរិសុទ្ធ ) មានគ្រឿង ប្រក់ គឺកិលេសបើកហើយនោះឯង ដោយគ្រឿងកំណត់ណាក្នុង លោកបាន ។