អដ្ឋកថា សុទ្ធដ្ឋកសូត្រទី ៤

ក្បាលទី 38 · ទំព័រ 569

ក្នុងសុទ្ធដ្ឋកសូត្រទី ៤ មានពាក្យផ្តើមថា បស្សាមិ សុទ្ធំ ដូច្នេះ ។ សួរថា ព្រះសូត្រនេះ មានអត្ថុប្បត្តិហេតុដូចម្តេច ឆ្លើយថា ព្រះសូត្រ នេះ មានអត្ថុប្បត្តិហេតុដូច្នេះ បានឮថា ក្នុងអតីតកាល ក្នុងសាសនារបស់ព្រះមានព្រះភាគព្រះនាម កស្សបៈ កុដុម្ពិកៈម្នាក់ ជាអ្នកក្រុងពារាណសី បានទៅកាន់បច្ចន្តជនបទ មួយអន្លើដោយរទេះ ៥០០ ដើម្បីជួញដូរក្នុងទីនោះ ។ កុដុម្ពិកៈបានធ្វើ សេចក្តីស្និទ្ធស្នាលជាមួយព្រានព្រៃ ឲ្យរបស់ប្រើប្រាស់ដល់បុរសនោះហើយ សួរថា សម្លាញ់ឯងធ្លាប់ឃើញខ្លឹមចន្ទន៍ខ្លះដែរឬទេ កាលព្រានព្រៃឆ្លើយថា ធ្លាប់ឃើញ ទើបចូលទៅព្រៃចន្ទន៍ជាមួយបុរសនោះ កាប់ដើមចន្ទន៍ដាក់ពេញ រទេះទាំង ៥០០ ហើយពោលនឹងព្រានព្រៃនោះថា សម្លាញ់ បើឯងមក ពារាណសី ឯងគប្បីយកខ្លឹមចន្ទន៍មកផង ហើយត្រឡប់ទៅនគរពារាណសី វិញ ។ ក្រោយមក ព្រានព្រៃនោះ ក៏យកខ្លឹមចន្ទន៍ទៅផ្ទះកុដុម្ពិកៈនោះ កុដុម្ពិកៈ ឃើញព្រានព្រៃក៏ទទួលយ៉ាងល្អ លុះដល់វេលាល្ងាច ឲ្យបុកខ្លឹមចន្ទន៍ដាក់ ពេញស្មុគ ហើយពោលថា នែសម្លាញ់ ចូរឯងងូតទឹក ហើយត្រឡប់មកចុះ ហើយបញ្ជូនបុរសនោះទៅកាន់កំពង់ទឹកជាមួយមនុស្សរបស់ខ្លួន ។ ពេលនោះ នៅឯក្រុងពារាណសី កំពុងមានមហោស្រព ។ អ្នកក្រុងពារាណសីថ្វាយ ទានអំពីព្រលឹម វេលាល្ងាច ស្លៀកសំពត់សាច់ល្អ កាន់ផ្កានិងគ្រឿងក្រអូប ជាដើម ទៅថ្វាយបង្គំព្រះមហាចេតិយ របស់ព្រះមានព្រះភាគព្រះនាមកស្សបៈ ព្រានព្រៃឃើញមនុស្សទាំងនោះ ក៏សួរថា តើពួកគេទៅណា កាលបានស្តាប់ ថា ពួកគេទៅវិហារ ថ្វាយបង្គំព្រះចេតិយ ខ្លួនឯងក៏ទៅក្នុងទីនោះ ព្រានព្រៃ ឃើញបុគ្គលដែលធ្វើការបូជាព្រះចេតិយ ដោយវិធីផ្សេងៗ មានបូជាដោយ ហរតាល និងមនោសិលាជាដើម ខ្លួនឯងមិនដឹង