អដ្ឋកថា ជរាសូត្រទី ៦
ក្នុងជរាសូត្រទី ៦ មានពាក្យផ្តើមថា អប្បំ វត ជីវិតំ ដូច្នេះ សួរថា ព្រះសូត្រនេះ មានអត្ថុប្បត្តិហេតុដូចម្តេច ឆ្លើយថា ព្រះសូត្រ នេះ មានអត្ថុប្បត្តិហេតុដូចតទៅនេះ សម័យមួយ ព្រះមានព្រះភាគ ទ្រង់ចាំព្រះវស្សាក្នុងក្រុងសាវត្ថី ទ្រង់ ពិចារណាដល់ការប្រព្រឹត្តរបស់ព្រះពុទ្ធទាំងឡាយ ក្នុងការដែលទ្រង់ចារិកទៅកាន់ ជនបទមាន ឲ្យដល់ការមិនមានរោគ បញ្ញត្តសិក្ខាបទដែលមិនបានបញ្ញត្ត ទូន្មានវេនេយ្យសត្វ ពោលជាតកជាដើម ដែលជាហេតុឲ្យកើតរឿងនោះៗ ទើបយាងចារិកទៅកាន់ជនបទ ។ ព្រះមានព្រះភាគទ្រង់ចារិកទៅដោយលំដាប់ ដល់នគរសាកេតក្នុងវេលាល្ងាច ទ្រង់ចូលទៅកាន់ព្រៃអញ្ជ័ន ។ អ្នកនគរ សាកេតបានដំណឹងហើយ គិតថា ឥឡូវនេះ មិនទាន់ដល់ពេលគាល់ព្រះមាន ព្រះភាគ កាលភ្លឺហើយ ទើបកាន់យកផ្កា និងគ្រឿងក្រអូបជាដើម ទៅ គាល់ព្រះមានព្រះភាគ ធ្វើនូវការបូជា ក្រាបថ្វាយបង្គំ និងសរសើរជាដើម បានឈរចោមរោម រហូតដល់ពេលដែលព្រះមានព្រះភាគចូលទៅកាន់ស្រុក ។ គ្រានោះ ព្រះមានព្រះភាគ ចោមរោមដោយភិក្ខុសង្ឃ ទ្រង់ចូលទៅបិណ្ឌបាត ។ ព្រាហ្មណមហាសាលម្នាក់ អ្នកក្រុងសាកេតចេញអំពីនគរ បានឃើញ ព្រះមានព្រះភាគត្រង់ទ្វារនគរ ។ កាលឃើញហើយ ក៏កើតសេចក្តីស្រឡាញ់ ដូចជាបុត្ត បានដើរតម្រង់ទៅចំពោះព្រះភក្ត្រ យំរៀបរាប់ថា កូនជាទីស្រឡាញ់ ពុកខានឃើញកូនមកយូរហើយ ។ ព្រះមានព្រះភាគ ទ្រង់ប្រាប់ដល់ភិក្ខុទាំង- ឡាយថា ម្នាលភិក្ខុទាំងឡាយ ចូរព្រាហ្មណ៍នេះធ្វើវត្ថុដែលខ្លួនត្រូវការ កុំឃាត់ ឡើយ ។ សូម្បីព្រាហ្មណ៍ ក៏ចូលទៅឱបព្រះវរកាយរបស់ព្រះមានព្រះភាគ ដោយជុំវិញ គឺខាងមុខ ខាងក្រោយ ខាងស្តាំ ខាងឆ្វេង ដូចមេគោត្រូវការ កូនគោ ដូច្នោះ ពោលថា កូនសម្លាញ់ ពុកខាន