អដ្ឋកថា តិស្សមេត្តេយ្យសូត្រទី ៧
ក្នុងតិស្សមេត្តេយ្យសូត្រទី ៧ មានពាក្យផ្តើមថា មេថុនមនុយុត្តស្ស ដូច្នេះ ។ សួរថា ព្រះសូត្រនេះ មានអត្ថុប្បត្តិហេតុដូចម្តេច ឆ្លើយថា ព្រះសូត្រ នេះ មានអត្ថុប្បត្តិហេតុដូច្នេះ បានឮថា កាលព្រះមានព្រះភាគ គង់នៅក្នុងក្រុងសាវត្ថី មានសម្លាញ់ ២ នាក់ ឈ្មោះតិស្សៈ និងមេត្តយ្យៈ បាននាំគ្នាទៅក្រុងសាវត្ថី ។ សម្លាញ់ ទាំង ២ នាក់នោះ ក្នុងវេលាល្ងាច ឃើញមហាជនមានមុខទៅកាន់វត្តជេតពន ទើបសួរថា ពួកអ្នកទៅណា កាលជនទាំងនោះប្រាប់ថា ព្រះពុទ្ធកើតឡើង ហើយក្នុងលោក ទ្រង់សម្តែងធម៌ដើម្បីប្រយោជន៍ដល់ជនច្រើន ពួកយើងនឹង ទៅកាន់វត្តជេពនដើម្បីស្តាប់ធម៌ ។ សម្លាញ់ទាំង ២ ក៏ពោលថា សូម្បីខ្ញុំ ទាំង ២ ក៏នឹងស្តាប់ ក៏នាំគ្នាទៅ ។ សម្លាញ់ទាំង ២ នោះ អង្គុយស្តាប់ធម៌ របស់ព្រះមានព្រះភាគ ទ្រង់សម្តែងធម៌ក្នុងរវាងបរិស័ទ គិតថា បើអញនៅ គ្រប់គ្រងផ្ទះ មិនអាចនឹងបំពេញធម៌នេះបានដោយងាយឡើយ ។ កាល មហាជនត្រឡប់ទៅ សម្លាញ់ទាំង ២ ក៏សូមបព្វជ្ជានឹងព្រះមានព្រះភាគ ។ ព្រះមានព្រះភាគមានព្រះពុទ្ធតម្រាស់ឲ្យភិក្ខុមួយរូប បំបួសសម្លាញ់ទាំង ២ នោះ ។ ភិក្ខុនោះ កាលឲ្យសម្លាញ់ទាំង ២ បួសហើយ ក៏ឲ្យតចបញ្ចកកម្មដ្ឋាន ត្រៀមខ្លួនទៅនៅព្រៃ ។ មេត្តេយ្យភិក្ខុ ពោលនឹងតិស្សភិក្ខុថា អាវុសោ ឧបជ្ឈាយ៍នឹងទៅព្រៃ សូម្បីពួកយើងទាំង ២ ក៏ត្រូវទៅដែរ ។ តិស្សភិក្ខុពោលថា កុំឡើយលោក ខ្ញុំត្រូវការឃើញ និងស្តាប់ធម៌របស់ព្រះមាន ព្រះភាគ លោកទៅតែឯងចុះ ។ មេត្តយ្យ និងឧបជ្ឈាយ៍បំពេញ សមណធម៌ក្នុងព្រៃ មិនយូរបុន្មាន ក៏បានសម្រេចអរហត្ត មួយអន្លើដោយ ឧបជ្ឈាយ៍ដែលជាអាចារ្យ ។ បងប្រុសរបស់តិស្សភិក្ខុអនិច្ចកម្មដោយព្យាធិ តិស្សៈបានដំណឹងហើយ ក៏ទៅកាន់ផ