អដ្ឋកថា មាគន្ទិយសូត្រទី ៩
ក្នុងមាគន្ទិយសូត្រទី ៩ មានពាក្យផ្តើមថា ទិស្វាន តណ្ហំ ដូច្នេះ សួរថា ព្រះសូត្រនេះ មានអត្ថុប្បត្តិហេតុដូចម្តេច ឆ្លើយថា ព្រះសូត្រ នេះ មានអត្ថុប្បត្តិហេតុដូចតទៅនេះ សម័យមួយ ព្រះមានព្រះភាគ គង់នៅក្នុងនគរសាវត្ថី ក្នុងវេលាទៀបភ្លឺ ទ្រង់ប្រមើលមើលលោកដោយទិព្វចក្ខុ ទ្រង់ឃើញឧបនិស្ស័យអរហត្តរបស់ មាគន្ទិយព្រាហ្មណ៍ មួយអន្លើដោយភរិយា ដែលជាអ្នកដែនកម្មាសធម្មនិគម ដែនកុរុ ។ ក្នុងរំពេចនោះឯង ទ្រង់យាងដល់ទីនោះ ទ្រង់បញ្ចេញរស្មីពណ៌ មាស គង់ក្នុងដងព្រៃមួយកន្លែង មិនឆ្ងាយអំពីកម្មាសធម្មនិគមនោះ ។ ខណៈនោះ មាគន្ទិយព្រាហ្មណ៍ក៏បានទៅនិគមនោះដើម្បីលុបមុខ ឃើញ រស្មីពណ៌មាស គិតថា នេះជាអ្វីហ្ន៎ សម្លឹងមើលក្នុងទីផ្សេងៗ ឃើញព្រះមាន ព្រះភាគក៏ត្រេកអរ ។ បានឮថា ធីតារបស់ព្រាហ្មណ៍នោះ មានពណ៌សម្បុរ ដូចមាស បណ្តាខត្តិយកុមារជាច្រើនជាដើម នាំគ្នាសូមស្រីនោះ ក៏មិនបាន ព្រាហ្មណ៍បំណងថា នឹងលើកធីតាឲ្យដល់សមណៈដែលមានពណ៌ដូចមាស បុណ្ណោះ ។ ព្រាហ្មណ៍ឃើញព្រះមានព្រះភាគហើយ កើតគំនិតឡើងថា សមណៈនេះ មានពណ៌សម្បុរដូចធីតារបស់អញ អញនឹងលើកធីតាឲ្យ សមណៈនេះ ព្រោះដូច្នោះ កាលព្រាហ្មណ៍ឃើញក៏ត្រេកអរ ប្រញាប់ទៅកាន់ ផ្ទះ ប្រាប់ព្រាហ្មណីថា នែនាង ខ្ញុំឃើញបុរសពណ៌សម្បុរដូចកូនស្រី យើងហើយ ចូរនាងប្រដាប់តាក់តែងកូនស្រីយើងចុះ យើងនឹងលើកឲ្យ សមណៈនោះ ។ កាលព្រាហ្មណីយកទឹកក្រអូបងូតកូនស្រី ហើយតាក់តែង ដោយសំពត់ផ្កា និងគ្រឿងប្រដាប់ជាដើមនោះឯង រហូតដល់ពេលភិក្ខាចារ របស់ព្រះមានព្រះភាគ ។ លំដាប់នោះ ព្រះមានព្រះភាគយាងចូលទៅបិណ្ឌបាត កាន់កម្មាសធម្មនិគម ។ ព្រាហ្មណ៍ និងព្រាហ្មណីក៏នាំធីតាទៅដល់ ឱកាសដែលព្រះមានព្រះភាគគង់ ។