អដ្ឋកថា បុរាភេទសូត្រទី ១០

ក្បាលទី 38 · ទំព័រ 633

ក្នុងបុរាភេទសូត្រទី ១០ មានពាក្យផ្តើមថា កថំ ទស្សី ដូច្នេះជាដើម ។ សួរថា ព្រះសូត្រនេះ មានអត្ថុប្បត្តិហេតុដូចម្តេច ឆ្លើយថា ព្រះសូត្រ នេះ មានអត្ថុប្បត្តិហេតុដូចតទៅ លោកពោលដល់ការកើតនៃព្រះសូត្រនេះ និងសូត្រ ៥ ទៀត គឺ កលហវិវាទសូត្រ ចូឡវិយូហសូត្រ មហាវិយូហសូត្រ តុវដកសូត្រ និង អត្តទណ្ឌសូត្រ ដូចន័យដែលពោលហើយ ក្នុងការកើតនៃសម្មាបរិព្វាជនិយសូត្រនោះឯង ។ តែមានការផ្សេងគ្នាដូច្នេះ ក្នុងមហាសម័យនោះ ដើម្បីទ្រង់ សម្តែងធម៌ឲ្យជាទីសប្បាយដល់ពួកទេវតាដែលជារាគចរិត ទើបទ្រង់ឲ្យពុទ្ធនិម្មិតសួរព្រះអង្គ ហើយបានត្រាស់សម្មាបរិព្វាជនិយសូត្រ យ៉ាងណា ក្នុង មហាសម័យនោះ ក៏ដូច្នោះដូចគ្នា ព្រះមានព្រះភាគ ទ្រង់ដឹងចិត្តរបស់ពួក ទេវតាដែលមានចិត្តកើតឡើងថា មុនស្លាប់ អញគួរធ្វើអ្វីហ្ន៎ កាលទ្រង់ អនុគ្រោះទេវតាទាំងនោះ ទើបទ្រង់នាំពុទ្ធនិម្មិត មួយអន្លើដោយភិក្ខុជាបរិវារ ១២៥០ រូប មកតាមអាកាស ឲ្យព្រះពុទ្ធនិម្មិតនោះ សួរបញ្ញាព្រះអង្គហើយ ទើបត្រាស់សូត្រនេះ ។ គប្បីជ្រាបសេចក្តីក្នុងពាក្យសួរនោះ ដូច្នេះថា ព្រះពុទ្ធនិម្មិតត្រាស់សួរ ដល់អធិប្បញ្ញា ដោយពាក្យថា បុគ្គលមានទស្សនៈដូចម្តេច សួរដល់អធិសីល ដោយពាក្យថា បុគ្គលមានសីលដូចម្តេច សួរដល់អធិចិត្ត ដោយពាក្យថា បុគ្គលដូចម្តេចជាអ្នកស្ងប់ ។ បទដ៏សេស ជាក់ច្បាស់ហើយ ។ គប្បីជ្រាបក្នុងការឆ្លើយដូច្នេះថា ព្រះមានព្រះភាគ ទ្រង់មិនបានឆ្លើយ អធិប្បញ្ញាជាដើមដោយត្រង់ ព្រោះការស្ងប់រម្ងាប់កិលេសឯណា ដែលត្រាស់ ហៅថា អ្នកស្ងប់ កាលទ្រង់សម្តែងដល់ការស្ងប់នៃកិលេសនោះៗ ដោយ អនុលោមតាមអធ្យាស្រ័យរបស់ពួកទេវតាផ្សេងៗ ទើបត្រាស់គាថាថា វីតតណ្ញោ ដូច្នេះជាដើម ។