អដ្ឋកថា កលហវិវាទសូត្រទី ១១
ក្នុងកលហវិវាទសូត្រទី ១១ មានពាក្យផ្តើមថា កុតោ បហូតា កលហា វិវាទា ដូច្នេះ ។ សួរថា ព្រះសូត្រនេះ មានអត្ថុប្បត្តិហេតុដូចម្តេច ឆ្លើយថា ព្រះសូត្រ នេះ មានអត្ថុប្បត្តិហេតុដូចតទៅក្នុង មហាសម័យនោះឯង ព្រះមានព្រះភាគត្រាស់ព្រះសូត្រនេះ ដើម្បី ទ្រង់ធ្វើធម៌ទាំងនោះឲ្យជាក់ច្បាស់ដល់ទេវតាពួកខ្លះ ដែលមានចិត្តកើតឡើង ថា ធម៌ទាំងឡាយ ៨ ប្រការ មានការឈ្លោះគ្នាជាដើម កើតអំពីហេតុអ្វីហ្ន៎ ទើបឲ្យព្រះពុទ្ធនិម្មិតត្រាស់សួរព្រះអង្គដោយន័យមុននោះឯង ។ ក្នុងព្រះសូត្រនោះ គាថាទាំងអស់ មានការភ្ជាប់សេចក្តីប្រាកដច្បាស់ ហើយ ព្រោះរៀងតាមលំដាប់នៃការសួរ និងការឆ្លើយ ។ តែគប្បីជ្រាបដល់ កិច្ចពណ៌នាបទដែលលំបាកនៃគាថាទាំងនោះដូច្នេះ បទថា កុតោ បហូតា កលហា វិវាទា បានដល់ ធម៌ជាគ្រឿង សៅហ្មងទាំងនេះ គឺជម្លោះ និងវិវាទដែលជាខាងដើមនៃការឈ្លោះនោះកើត អំពីអ្វី ។ បទថា បរិទេវសោកា សហមច្ឆរា ច គឺការខ្សឹកខ្សួល សេចក្តី សោយសោក មួយអន្លើដោយសេចក្តីកំណាញ់ កើតអំពីអ្វី ។ បទថា មានាតិមានា សហបេសុណា ច គឺការប្រកាន់ខ្លួន ការមើលងាយ និងដោយ ពាក្យញុះញង់កើតអំពីណា ។ បទថា តេ បានដល់ ធម៌ គឺកិលេស ៨ យ៉ាង ទាំងអស់នោះ ។ បទថា តទិង្ឃ ព្រូហិ គឺសូមព្រះអង្គទ្រង់ត្រាស់ប្រាប់អត្ថ ដែលខ្ញុំព្រះអង្គសួរនោះចុះ គឺខ្ញុំព្រះអង្គសូមអារាធនាទ្រង់ ។ បទថា ឥង្ឃ ជា និបាត សេចក្តីថា សំណូមពរ ។ បទថា បិយប្បហូតា គឺកើតចាកវត្ថុជាទី ស្រឡាញ់ ។ អត្ថដែលត្រឹមត្រូវ ព្រះសារីបុត្តពោលក្នុងមហានិទ្ទេសហើយ ។