មហាវិយូហសូត្រទី ១៣

ក្បាលទី 38 · ទំព័រ 664

( ព្រះពុទ្ធនិម្មិតសួរថា ) សមណព្រាហ្មណ៍ណាមួយ ត្រាំនៅក្នុងទិដ្ឋិ ( របស់ខ្លួន ) តែងជជែកគ្នាថា នេះឯង ជារបស់ពិត តើពួកសមណព្រាហ្មណ៍ទាំងអស់នោះ នឹងនាំមក រឿយៗ នូវពាក្យនិន្ទា ឬបាននូវពាក្យសរសើរ ព្រោះទិដ្ឋិរបស់ខ្លួន នោះដែរឬ ។ ( ព្រះមានព្រះភាគទ្រង់ត្រាស់ថា ) ផលនៃវាទៈ គឺសេចក្តីសរសើរនុ៎ះ មានបន្តិចបន្តួចទេ មិនគួរដើម្បីសេចក្តីស្ងប់ រម្ងាប់ ( រាគៈជាដើម ) បានឡើយ តថាគតពោលនូវផលនៃ ការជជែកគ្នា ព្រោះទិដ្ឋិមានពីរប្រការ គឺនិន្ទា និងសរសើរ ចំណែកជនជាបណ្ឌិតឃើញទោស ក្នុងកាជជែកគ្នានុ៎ះហើយ ឃើញច្បាស់នូវព្រះនិព្វាន ជាភូមិមិនទាស់ទែងគ្នា ថាជាទីដ៏ ក្សេមក្សាន្ត ទើបមិនទាស់ទែងគ្នា ។ ទិដ្ឋិទាំងឡាយឯណាមួយ ដែលកើតច្រើន អ្នកប្រាជរមែងមិនប្រកាន់នូវទិដ្ឋិទាំងនុ៎ះ បើ លោកមិនមានសេចក្តីប្រកាន់ ( នូវទិដ្ឋិ ) មិនធ្វើសេចក្តី ស្រឡាញ់ អារម្មណ៍ដែលឃើញហើយ ឮហើយ ធ្វើម្តេចឡើយ នឹងប្រកាន់នូវអារម្មណ៍ ដែលគួរប្រកាន់ ។ សមណព្រាហ្មណ៍ ពួកមួយប្រកាន់ ពោលថា សីលជាគុណដ៏ខ្ពង់ខ្ពស់ ហើយ សម្តែងនូវសេចក្តីបរិសុទ្ធ ដោយគុណត្រឹមតែការសង្រួម ជន ទាំងឡាយនោះ សមាទាននូវវត្ត ហើយប្រកាន់មាំ ( ក្នុងវត្តដែល ខ្លួនសមាទាននោះ ) ដោយគិតឃើញថា យើងទាំងឡាយនឹង សិក្សានូវសេចក្តីបរិសុទ្ធរបស់វត្តនោះ ក្នុងទិដ្ឋិរបស់ខ្លួននេះតែ ម្យ៉ាង ព្រោះជនទាំងឡាយនោះ មានភព គឺកម្មនាំចូលទៅជិត ហើយ តែងពោលនូវខ្លួនថា ជាអ្នកឈ្លាស ។ បើបុគ្គលណា ឃ្លាតចាកសីល និងវត្តហើយ បុគ្គលនោះ រមែងញាប់ញ័រ ព្រោះខុសចាកកម្ម បុគ្គលនោះឯង តែងចង់បានផង ប្រាថ្នាផង នូវសេចក្តីបរិសុទ្ធ ដូចបុគ្គល កាលព្រាត់ប្រាសចាកផ្ទះហើយ សាបសូន្យចាកពួក ។