តុវដកសូត្រទី ១៤
( ព្រះពុទ្ធនិម្មិតសួរថា ) ខ្ញុំសូមសួរនូវសេចក្តី ស្ងាត់ផង នូវចំណែកនៃសេចក្តីស្ងប់ផង នឹងព្រះអង្គ ជាផៅពង្សនៃព្រះអាទិត្យ អ្នកស្វែងរកគុណដ៏ធំ ចុះភិក្ខុឃើញដោយ ប្រការដូចម្តេច មិនប្រកាន់មាំនូវអ្វីមួយក្នុងលោក ទើបរម្លត់ កិលេសបាន ។ ( ព្រះមានព្រះភាគទ្រង់ត្រាស់តបថា ) ភិក្ខុ គប្បីបិទនូវឫស នៃបបញ្ចសង្ខារ ( ធម៌ជាគ្រឿងធ្វើសត្វឲ្យ យឺតយូរ គឺតណ្ហា ទិដ្ឋិ ) ផង នូវអស្មិមានះទាំងពួងផង ដោយ ប្រាជ្ញា តណ្ហាទាំងឡាយណាមួយ មានខាងក្នុងសន្តានសត្វ ភិក្ខុជាអ្នកមានស្មារតីគ្រប់ពេល គប្បីសិក្សា ដើម្បីកម្ចាត់បង់ តណ្ហាទាំងនោះចេញ ។ ភិក្ខុគប្បីដឹងនូវគុណធម៌ណាមួយ ជា ខាងក្នុង ឬខាងក្រៅ មិនគប្បីធ្វើនូវកម្លាំង ( ការលើកតម្កើង ) ដោយគុណធម៌នោះ ព្រោះការរម្លត់នោះ សប្បុរសទាំងឡាយ មិនបានប្រកាសឡើយ ។ ភិក្ខុមិនគប្បីសម្គាល់ថា អញជា បុគ្គលប្រសើរជាងគេ អញជាបុគ្គលថោកទាបជាងគេ ឬថាជា បុគ្គលស្មើៗ នឹងគេ ដោយសារគុណធម៌នោះឡើយ ។ ភិក្ខុ ប្រកបដោយគុណធម៌ មានសភាពច្រើនយ៉ាង មិនគប្បីតាំង ខ្លួន តម្កើងខ្លួនទេ ។ ភិក្ខុគប្បីរម្ងាប់ ( រាគាទិក្កិលេស ) ក្នុងសន្តាន ភិក្ខុមិនគប្បីស្វែងរកសេចក្តីស្ងប់ ដោយឧបាយដទៃទេ កាល បើលោករម្ងាប់នូវរាគាទិក្កិលេស ក្នុងសន្តានហើយ សេចក្តី យល់ឃើញថា ខ្លួន គឺសស្សតទិដ្ឋិរមែងមិនមាន សេចក្តីយល់ឃើញ ថា មិនមែនខ្លួន គឺឧច្ឆេទទិដ្ឋិ នឹងមានមកអំពីណា ។ រលក រមែងមិនកើតឡើង ត្រង់ជម្រៅពាក់កណ្តាលសមុទ្ទ ទឹកត្រង់ កណ្តាលនោះ រមែងតាំងនៅនឹង មានឧបមាយ៉ាងណាមិញ មានឧបមេយ្យដូចភិក្ខុ អ្នកតាំងនៅនឹងនួន ជាអ្នកមិនមានតណ្ហា ជាគ្រឿងញាប់ញ័រដូច្នោះឯង មិនគប្បីធ្វើកិលេស ឲ្យពុះពោរ ក្នុងទីណាមួយ